ព័ត៌មានជាតិ November 8, 2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ​ជំរុញឲ្យពន្លឿនសេវា Internet ឲ្យខ្លាំងនៅលើកោះរ៉ុង ដើម្បីបម្រើឱ្យភ្ញៀវទេសចរ និងពលរដ្ឋកំពុងរស់នៅលើកោះនេះជាង១ពាន់គ្រួសារ, បងប្អូនអាចអញ្ជើញទៅលេងកម្សាន្ត ជំរុញកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង

Liny Chan

(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យពន្លឿនសេវា Internet នៅលើទីក្រុងកោះរ៉ុង ឲ្យមានល្បឿនលឿនដើម្បីបម្រើឱ្យភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើកោះនេះជាង១ពាន់គ្រួសារ ស្របទៅតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

ការជំរុញឱ្យពន្លឿនសេវា Internet បានធ្វើឡើងបន្ទាប់ពីលោកបានមើលឃើញជាក់ស្តែងថា ភ្ញៀវទេសចរដែលមកសម្រាកលេងកម្សាន្តនៅលើកោះកុងរ៉ុង គឺពួកគាត់បានប្រើប្រាស់កុំព្យូទ័រស្ទើរគ្រប់គ្នា ដើម្បីបំពេញការងារ នៅក្នុងឱកាសមកលេងកម្សាន្តទីក្រុងកោះរ៉ុងរបស់កម្ពុជា។ ដូច្នេះការបន្ថែមទៀតល្បឿងសេវា Internet ក៏ជាចំណុចដ៏ល្អមួយដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនមកលេងកម្សាន្តនៅកោះរ៉ុង បង្កើនឱកាសការងារ កាន់តែច្រើនកន្លែង។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមើលឃើញថា នៅលើកោះរ៉ុង គឺសេដ្ឋកិច្ចមានតែ៣ប៉ុណ្ណោះ គឺការទិញ ដីលក់ដី, ទេសចរណ៍ និងប៉ុន្តែបច្ចុប្បន្ននេះបច្ចេកវិទ្យាខ្ពស់ ជំរុញឲ្យមានអ្នកធ្វើការក្រុមហ៊ុនធំៗ និងក្រុមអ្នកជំនួញ មកសម្ងំធ្វើការនៅកោះរ៉ុងកាន់តែច្រើនឡើង។ លោកចាត់ទុកថា ការពង្រីកល្បឿនសេវា Internet មានល្បឿនកាន់តែលឿន ជារឿងដ៏ល្អសម្រាប់ជំរុញការអភិវឌ្ឍកោះរ៉ុងឱ្យកាន់តែរីកចម្រើន។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងយ៉ាងដូច្នេះថា៖ «នៅនេះដូចគ្នានេះ ខ្ញុំឃើញកាន់កុំព្យូទ័រច្រើន អ៊ឹចឹងពេលត្រឡប់ទៅវិញ ខ្ញុំទៅជួឯកឧត្តម ជា វ៉ាន់ដេត ដើម្បីធ្វើយ៉ាងម៉េចឱ្យអ៉ីធឺរណែតនៅនេះលឿនជាងហ្នឹង ហើយប្រហែលយើងត្រូវអូសខ្សែកាបិ៍ បន្ថែមពីក្រោមសមុទ្រ ព្រោះអាហ្នឹងអាចជួយច្រើនមែនទែន ព្រោះសំខាន់ទំនាក់ទំនងនៅទីនេះ ត្រូវការបច្ចេកវិទ្យា»។

ជាការកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋានថា កោះរ៉ុងត្រូវបានលក់ឲ្យក្រុមឈ្មួញវិនិយោគ និងផែនការអភិវឌ្ឍន៍ឡើងសម្រាប់តែក្រុមអភិជន និងក្រុមអ្នកមានធនធាន ដែលអាចទៅលេង និងលំហែកាយបាន ប៉ុន្តែស្ថានភាពពិត មិនដូចអ្វីដែលគេបានផ្សព្វផ្សាយនោះឡើយ ខណៈនៅលើកោះរ៉ុង គឺមានប្រជាពលរដ្ឋខ្មែរកំពុងរស់នៅជាង១ពាន់គ្រួសារ។

ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អាចទៅលេងកម្សាន្តដោយសេរី គ្រប់ពេលវេលាទាំងអស់។ នៅលើទីក្រុងកោះរ៉ុងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបន្តការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ព្រោះមើលឃើញថា នៅពេលខាងមុខក្រុមអ្នកជំនួញ និងអ្នកវិនិយោគិនបរទេសនៅតាមណ្តាក្រុមហ៊ុនធំៗ នឹងអញ្ជើញទៅលេងកម្សាន្តកាន់តែច្រើននៅលើទីក្រុងកោះដ៏ស្រស់ស្អាតមួយនេះ។

យោងទៅតាមរបាយការណ៍របស់អាជ្ញាធរក្រុងកោះរ៉ុង បានឱ្យដឹងថា ក្រុងកោះរ៉ុង មានផ្ទៃដីសរុប ១១,៣២៣.៨៩ហិកតា ក្នុងនោះ ផ្ទៃដីកសិកម្ម ២០៥០ហិកតា ផ្ទៃដី លំនៅដ្ឋាន ៤២៤ហិកតា ផ្ទៃដីព្រៃ ៦,២២២.៣៨ហិកតា ផ្ទៃដីទំនេរ ២,៦២៧.៥១ហិកតា។

ក្រុងកោះរ៉ុង សំបូរទៅដោយធនធានធម្មជាតិ តំបន់អេកូទេសចរណ៍ ធនធានជលផល ប្រព័ន្ធជីវៈចម្រុះ កូនកោះ ព្រែកកោងកាង ទឹកធ្លាក់ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ដែលជាប្រភពសក្តានុពលបំរើឱ្យវិស័យទេសចរណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ វិនិយោគិនមកទស្សនាកម្សាន្ត ស្នាក់នៅ និងវិនិយោគ យ៉ាងច្រើនកុះករ ពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្អែកតាមស្ថានភាពភូមិសាស្ត្រ និងសក្តានុពលទេសចរណ៍ សង្កាត់ទាំងពីរ នៃក្រុងកោះរ៉ុង មានកំពង់ផែចម្លងចំនួន ៤៤កន្លែង សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ដឹកកសិផល ផលិតផល និងសម្ភារៈផ្សេងបម្រើឱ្យអាជីវកម្ម ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបំរើសេវាកម្ម ជូនភ្ញៀវទេសចរ។

ក្រុងកោះរ៉ុង មានប្រជាពលរដ្ឋសរុបចំនួន ១៣៩៥គ្រួសារ គ្រួសារអចិន្ត្រៃយ៍ ១១៦៦គ្រួសារ គ្រួសារបណ្តោះ អាសន្ន ២២៩គ្រួសារ មានចំនួនប្រជាពលរដ្ឋសរុប ៤,៤៣០នាក់ ក្នុងនោះស្ត្រីចំនួន ២,១៤៤នាក់ អាយុ ១៨ឆ្នាំឡើង ២,៩៩៣នាក់ និងប្រជាពលរដ្ឋចំណាកស្រុក ៤៣នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News