Chris អ្នកផលិតមាតិកាដ៏ល្បី នាំមិត្តភក្តិបរទេស ១០នាក់មកលេងកម្ពុជា និងសរសើរស្នាមញញឹមពលរដ្ឋខ្មែរ
(ភ្នំពេញ)៖ លោក Chris អ្នកផលិតមាតិកាដ៏ល្បីម្នាក់ បានដឹកនាំមិត្តភក្តិបរទេសចំនួន ១០នាក់ មកលេងកម្ពុជា និងបានសរសើរពីស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ។

បើយោងទៅតាម Condé Nast Traveler 2025 Readers’ Choice Awards គឺនៅឆ្នាំ២០២៥ កម្ពុជាបានជាប់ជាប្រទេសដែលរាក់ទាក់បំផុត ជាប់លេខ៥ លើពិភពលោក និងជាប់លេខ១ នៅអាស៉ីអាគ្នេយ៍។
នៅលើទំព័រម្ចាស់ទំព័រ Facebook ឈ្មោះថា «Travelwithchris» ដែលមានអ្នកតាមដាន ២.៦លាននាក់ លោកបានសរសេរសារថា «ស្នាមញញឹមខ្មែរ, (ស្នាមញញឹម) ប្រជាជនកម្ពុជា ជាអ្វីដែលធ្វើឱ្យប្រទេសនេះខុសពីប្រទេសដទៃ! សុភាពរាបសារ ស្រស់ស្អាត និងឧស្សាហ៍ព្យាយាម!»។
ជាមួយគ្នានេះ ពេលជិះកង់បីលើដងផ្លូវ Jessy មិត្តភក្តិម្នាក់របស់ Chris ក៏បានថ្លែងថា អ្វីដែលលោកពេញចិត្តបំផុតនៅកម្ពុជា គឺមានប្រជាពលរដ្ឋដ៏រួសរាយរាក់ទាក់បំផុត, ម្ហូបក៏ឆ្ងាញ់ ប៉ុន្តែប្រជាពលរដ្ឋពិតជាល្អមែនទែន ដែលលោកមិនរំពឹងថា ប្រជាពលរដ្ឋកម្ពុជា ពិតជារាក់ទាក់យ៉ាងនេះសោះ។ ទេសចររូបនេះ បានបន្ថែមថា ដើមឡើយលោកលឺគេនិយាយថា កម្ពុជាគ្មានអ្វីអស្ចារ្យទេ និងបច្ចេកវិទ្យាក៏មិនទាន់សម័យ ប៉ុន្តែពេលមកដល់ផ្ទាល់ គឺខុសអ្វីដែលលោកធ្លាប់បានដឹង ពីព្រោះកម្ពុជាមានអ្វីគ្រប់យ៉ាង។
ថ្មីៗនេះ Chris បានដឹកនាំភ្ញៀវទេសចរបរទេស ១០នាក់ និងបានធ្វើវិដេអូបង្ហាញទិដ្ឋភាពអាកាសយានដ្ឋានអន្តរជាតិតេជោ និងរបៀបធ្វើទិដ្ឋាការពេលមកដល់ (Visa on Arrival) ដែលចំណាយពេលប្រមាណត្រឹម ៥នាទីប៉ុណ្ណោះ។
ពេលនៅរាជធានីភ្នំពេញ លោក Chris បាននាំមិត្តភក្តិទៅទស្សនា និងធ្វើវិដេអូនៅមាត់ទន្លេ បង្ហាញអត្ថន័យនៃទង់ជាតិខ្មែរ ការទស្សនាផ្សាររាត្រី ផ្លូវថ្មើរជើង មុខព្រះបរមរាជវាំង វត្តភ្នំ ផ្សារថ្មី ធ្វើវិដេអូនៅសារមន្ទីរ ស.ស.រ និងកន្លែងជាច្រើនទៀត។ លោកក៏បានបន្តនាំមិត្តភក្តិ ទៅលេងខេត្តសៀមរាបផងដែរ ដើម្បីនាំពួកគេទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យលើលោក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







