ពលរដ្ឋរងគ្រោះ ដោយសារយោធាថៃបា-ញ់ប្រហារ នៅភូមិព្រៃចាន់ជាង ២០០គ្រួសារ មកស្នាក់នៅវត្តចាន់ស៊ី បានទទួលថវិកាពីគណៈកម្មការទី៤ រដ្ឋសភា
(បន្ទាយមានជ័យ)៖ ក្នុងវត្តចាន់ស៊ី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋមកស្នាក់នៅ វត្តចាន់ស៊ី មានទាំងកូនង៉ា កូនក្មេង ចាស់ជរា ជាប់មកតាមខ្លួន មានសំលៀកបំពាក់បន្តិចបន្តួច មុង ភួយ កង្ហារ ចង្ក្រានជើងឆ្នាំង ដាក់តាមរើម៉កសណ្ដោងកង់បី គោយន្ត មើលទៅគួរឲ្យសង្វេគណាស់ រាប់រយគ្រួសារ បានទទួលអំណោយ ជាថវិការបស់គណៈកម្មការទី៤ តាមរយៈលោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា និងលោកស្រី រួមជាមួយក្រុមការងារ ដោយក្នុង១គ្រួសារទទួលបានថវិកា ៥០,០០០រៀល សរុប២៣០គ្រួសារ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្រោយពេលបានបញ្ចប់ការចែកថវិកាជូនប្រជាពលរដ្ឋរួចមក លោក កែប ជុតិមា, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សមាជិកព្រឹទ្ធសភា រដ្ឋសភា អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុកអូរជ្រៅ និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនអ្នកទៀត បានចូលគោរពវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋ ស្លាប់ដោយសារយោធាថៃ បាញ់ប្រហារចំបេះដូង នៅភូមិព្រៃចាន់ពេលបញ្ជូនមកដល់មន្ទីរពេទ្យមង្គលបុរីបានស្លាប់ សពត្រូវបានយកមកធ្វើបុណ្យនៅវត្តចាន់ស៊ី។
លោក កែប ជុតិមា បានឲ្យដឹងថា ក្រុមទាហានថៃ មានភាពឃោរឃៅសម្បើមណាស់ បាញ់មកលើប្រជាជនខ្មែរទាំងកំរោល បណ្ដាលឲ្យមានប្រជាពលរដ្ឋរត់ចោលលំនៅឋានមានស្លាប់មានរបួសធ្ងន់។ ចំណែករាជរដ្ឋាភិបាលវិញ អត់ធ្មត់ ក្នុងការធ្វើសង្គ្រាមនេះយ៉ាងខ្លាំង ខ្លាចផ្ទុះសង្គ្រាមបណ្ដាលឲ្យខ្មែរបង្ហូរឈាមជាមួយថៃ ស្លាប់ទៅវិញទៅមកជាច្រើននាក់។
លោក កែប ជុតិមា បន្តថា ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងវត្តចាន់ស៊ីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ជួយផ្គត់ផ្គង់ម្ហូបអាហារ មានទីកន្លែងជម្រក ទឹក ភ្លើង និងមន្ត្រីពេទ្យប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោងរង់ចាំពិនិត្យនិងព្យាបាលជំងឺទៀតផង។
ប្រជាពលរដ្ឋមកស្នាក់នៅក្នុងវត្តចាន់ស៊ីទាំងអស់ សូមថ្លែងអំណរគុណលោក កែប ជុតិមា និងលោកស្រី លោករដ្ឋមន្រ្តី ឌិត ទីណា អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ បានពួតដៃគ្នានាំយកអំណោយមាន ថវិកា គ្រឿងឧបភោគ និងបរិភោគ ភេសជ្ជៈឲ្យពួកគាត់ហូបគ្រប់គ្រាន់ក្នុងដំណាក់ដ៏លំបាកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News















