Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមអ្នកសង្កេតការណ៍អាស៊ានទាំងនៅថៃ និងកម្ពុជាថា មីនដែលទាហានថៃដើរជាន់ «មិនមែនជាមីនថ្មីទេ»

    BY Liny Chan November 14, 2025
    ក្រុមអ្នកសង្កេតការណ៍អាស៊ានទាំងនៅថៃ និងកម្ពុជាថា មីនដែលទាហានថៃដើរជាន់ «មិនមែនជាមីនថ្មីទេ»

    (កូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុ សេរី ម៉ូហាម៉ាត់ ហាសាន់ (Datuk Seri Mohamad Hasan) បានបង្ហាញថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទាំងនៅថៃ និងកម្ពុជា បានរាយការណ៍ថា គ្រាប់មីនដែលបានផ្ទុះបណ្តាលឱ្យទាហានថៃរងរបួសនៅតាមព្រំដែន មិនមែនជាគ្រាប់មីនដែលត្រូវបានដាក់ថ្មីៗនោះទេ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីភាគីថៃបានផ្អាកកិច្ចព្រមព្រៀងឈប់បាញ់ ដោយបានអះអាងថា មីនទាំងនោះត្រូវបានដាក់ដោយភាគីកម្ពុជា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bernama។

    ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ម៉ូហាម៉ាត់ ហាសាន់ បានបញ្ជាក់ថា ភាគីថៃបានផ្អាកកិច្ចព្រមព្រៀងឈប់បាញ់ បន្ទាប់ពីកងកម្លាំងល្បាតរបស់ខ្លួនមួយចំនួនបានរងរបួសដោយសារការដើរជាន់មីន ដែលភាគីថៃបានអះអាងថាត្រូវបានដាក់ដោយកម្ពុជា។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ពីរបាយការណ៍ផ្ទុយពីនេះថា «ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅថៃ និងកម្ពុជា បានរាយការណ៍ថា ពួកវាមិនមែនជាមីនថ្មីនោះទេ។ ខ្ញុំទើបតែបាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ ហើយក្តីសង្ឃឹមរបស់ខ្ញុំគឺចង់ឱ្យភាគីទាំងពីររក្សាភាពស្ងប់ស្ងាត់ និងបន្តការចរចាសន្តិភាព»។

    រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានបន្ថែមថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានេះ ព្រោះប្រទេសទាំងពីរហាក់បាត់បង់ទំនុកចិត្តលើគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា «ពួកគេបានទាក់ទងមកពួកយើង។ កម្ពុជាបានស្នើសុំឱ្យមានការចរចានៅទីក្រុងកូឡាឡាំពួ ហើយដូចគ្នាដែរ ភាគីថៃក៏បានស្នើសុំឱ្យយើងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព»។

    គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរ៉ាគុល និងសមភាគីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដោយមានការចូលរួមធ្វើជាសាក្សីពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: