ព័ត៌មានជាតិ November 14, 2025

អ្នកជំនាញសេដ្ឋកិច្ច ព្រមានថា ថៃអាចនឹងខាតចំណូល ១៣០ពាន់លានបាត បើជម្លោះព្រំដែនជាមួយកម្ពុជាបន្តអូសបន្លាយ

Liny Chan

(បាងកក)៖ អ្នកជំនាញសេដ្ឋកិច្ចថៃ បានព្រមានពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា និងថៃផ្ទុះឡើងសាជាថ្មី ហើយក្នុងនោះវិស័យនាំចេញ ទេសចរណ៍ និងទីផ្សារការងារនឹងរងផលប៉ះពាល់ ខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា។

លោក Poonyawat Sreesing ជាអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ម្នាក់ប្រចាំធនាគារ Siam Commercial Bank បាននិយាយថាថៃនឹងខាតចំណូល ១៣០ពាន់លានបាតពីការនាំចេញទំនិញទៅកម្ពុជា ឬស្មើ នឹង ១ភាគរយនៃការនាំចេញសរុបរបស់ថៃនៅឆ្នាំក្រោយ ប្រសិនបើភាពតានតឹងនៅតាមតំបន់ព្រំដែននៅតែបន្តអូសបន្លាយ។ តាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ អំឡុងត្រីមាសទី៣ ការនាំចេញរបស់ថៃទៅកាន់កម្ពុជា បានធ្លាក់ចុះអស់ ៤៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពាណិជ្ជកម្មនៅតំបន់ព្រំដែនធ្លាក់ចុះជិត១០០ភាគរយ។

លោក Poonyawat បានបន្ថែមទៀតថាការនាំចេញ ទីផ្សារការងារ និងវិស័យទេសចរណ៍ អាចនឹងរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ ប្រសិនបើភាពតានតឹងព្រំដែននៅតែបន្តអូសបន្លាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News