Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    UPDATE: អភិបាលខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសខ្លួនពីព្រៃចាន់ និងជោគជ័យ ទៅនៅវត្តចាន់ស៊ីសាមគ្គីរតនារាម កើនឡើងជិត ៥០០គ្រួសារ

    BY Liny Chan November 14, 2025
    UPDATE: អភិបាលខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសខ្លួនពីព្រៃចាន់ និងជោគជ័យ ទៅនៅវត្តចាន់ស៊ីសាមគ្គីរតនារាម កើនឡើងជិត ៥០០គ្រួសារ

    (បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតមកដល់រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជិត៥០០គ្រួសារហើយ ដែលបានភៀសខ្លួន ចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅនៅវត្តចាន់ស៊ីសាមគ្គីរតនារាម។

    តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា មានពលរដ្ឋខ្មែររស់នៅសរុបជិត១ពាន់គ្រួសារ ស្មើជាង៣ពាន់នាក់។ នៅព្រៃចាន់ ពលរដ្ឋភាគច្រើន បានភៀសខ្លួនចេញពីលំនៅដ្ឋានអស់ហើយ នៅឡើយតែភូមិជោគជ័យប៉ុណ្ណោះ។

    ការភៀសខ្លួនរបស់ប្រជាពលរដ្ឋ បានធ្វើឡើងបន្ទាប់ពីមានករណីទាហានថៃ បាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋ៣នាក់ផ្សេងទៀតរងរបួស។

    កម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើយង់ឃ្នងរបស់ទាហានថៃបែបនេះ ហើយទាមទារឱ្យភាគីថៃទទួលខុសត្រូវចំពោះការផ្ទុះអាវុធ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីរ ដែលមានសហរដ្ឋអាមេរិក និងម៉ាឡេស៊ីធ្វើជាសាក្សី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: