ព័ត៌មានជាតិ November 14, 2025

ស្ថានទូតអាមេរិកនៅកម្ពុជា ដំណើរការធម្មតាវិញហើយ បន្ទាប់ពីមានការអនុម័តលើច្បាប់ចំណាយថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

Liny Chan

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកនៅកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដំណើរការធម្មតាវិញហើយ បន្ទាប់ពីមានការអនុម័តលើច្បាប់ចំណាយថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ពេលបច្ចុប្បន្ន។

សូមជម្រាបថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតនឹងមិនធ្វើបច្ចុប្បន្នភាព ជាទៀងទាត់នោះទេ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។

ស្ថានទូតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមិនមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ នៅពេលនេះ សេវាកម្មលិខិតឆ្លងដែន និងទិដ្ឋាការនានាដែលបានណាត់រួច ស្ថានទូតអាមេរិកភ្នំពេញ នឹងបន្តដំណើរការដោយស្ថានការណ៍អនុញ្ញាតបាន»

មិនមែនតែនៅកម្ពុជាទេ សូម្បីតែស្ថានទូតអាមេរិកនៅនានា ក៏ប្រកាសពីដំណឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់ លើគណនីបណ្តាញសង្គមហ្វេសប៊ុកដូចគ្នាដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News