ព័ត៌មានជាតិ November 14, 2025

អ្នកជិះកង់ទស្សនាប្រាសាទ មានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងរមណីយដ្ឋានអង្គរ

Liny Chan

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សង្កេតឃើញថា ចាប់តាំងតែពីក្រោយស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់មក ចំនួនភ្ញៀវទេសចរ ដែលនិយមជិះកង់ទស្សនាប្រាសាទនានានៅវង់តូច និងវង់ធំ មានកាន់តែច្រើនឡើងៗ នៅក្នុងរមណីយដ្ឋានអង្គរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា បើគិតជាមធ្យមមានអ្នកជិះកង់ទស្សនាតំបន់អង្គរ លើផ្លូវដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា ចំនួនប្រមាណជាង១០០កង់ក្នុង១ថ្ងៃៗ។

លោក សេង សុធារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើនពេញចិត្តចំពោះការរៀបចំឱ្យមានផ្លូវជិះកង់ក្នុងនៅក្នុងព្រៃ តាមវាលស្រែ នៅក្នុងរមណីយដ្ឋានអង្គរ ដោយកំណើនភ្ញៀវទេសចរជិះកង់ បានកើនឡើងពីមួយខែទៅមួយខែ លើកលែងតែរដូវភ្លៀងធ្លាក់ខ្លាំងតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានស្ថាបនាផ្លូវជិះកង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រវែង២៣គីឡូម៉ែត្រតាំងតែពីឆ្នាំ២០១៩។ ផ្លូវជិះកង់នេះ មានឆ្លងកាត់ព្រៃព្រឹក្សា ស្ទឹង វាលស្រែ និងក្បែរៗប្រាសាទ ជាផ្នែកមួយធ្វើឱ្យមានភាពទាក់ទាញអារម្មណ៍ទេសចរបែរមកជិះកង់ជំនួសយានយន្តផ្សេងៗនៅរមណីយដ្ឋានអង្គរ។

បើទោះបីជាផ្លូវកង់នេះ បានទទួលការគាំទ្រពីភ្ញៀវទេសចរជាច្រើនក៏ដោយក៏អាជ្ញាធរជាតិអប្សរា នៅតែមានគម្រោងរៀបចំកែលម្អ បន្ថែមទៀតទៅតាមសំណូមពរ របស់ភ្ញៀវទេសចរដែលនិយមជិះកង់។

បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានរៀបចំចំណតកង់ចំនួន៨កន្លែង នៅលើទីតាំងសំខាន់ៗតាមគោលដៅទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូច និងវង់ធំ ផ្តល់ងាយស្រួលចត មានសុវត្ថិភាព និងសណ្តាប់ធ្នាប់។ ការរៀបចំផ្លូវសម្រាប់ជិះកង់ទស្សនាតំបន់អង្គរនេះ គឺជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់ សម្រាប់ពង្រីកវិស័យទេសចរណ៍ថ្មីៗ។

ផ្លូវជិះកង់បានបង្កើតឱ្យទៅជាដំណើរទស្សនាអង្គរថ្មីមួយទៀត ពីព្រោះថាក្រៅពីទេសចរទស្សនាប្រាសាទ គឺអាចជិះកង់កម្សាន្តនៅតាមព្រៃអង្គរ ទេសភាពវាលស្រែផ្លាស់ប្តូរតាមរដូវកាល មានបរិយាកាសល្អបរិសុទ្ធពីធម្មជាតិ ដូចជាការហាត់កីឡាដើម្បីសុខភាពថែមទៀតផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News