ក្រសួងបរិស្ថាន ចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យ និងទប់ស្កាត់បន្ទាន់ ការលេចធ្លាយប្រេងចេញពីទូរថភ្លើងក្រឡាប់ធ្លាក់ផ្លូវ នៅភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់
(ពោធិ៍សាតិ៍)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញ សហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញ ឆ្ពោះ ទៅខេត្តបាត់ដំបង។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ ០៦៖០០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូ១៩១-១៩២ ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់រវាងឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
អ្នកនាំពាក្យបានបន្តថា ក្នុងជំហានដំបូង ក្រុមការងាររកឃើញទូររថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេងចេញមកក្រៅ ចំនួន២ទូរ។
សូមបញ្ជាក់ថាទូរនីមួយមួយៗ បានដឹកប្រេងចំណុះ ៦ ៦០០០លីត្រ។ ឧបទ្ទេវហេតុនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ក្រុមការងារជំនាញ បាននិងកំពុងចុះពិនិត្យមើលទំហំ នៃការលេចធ្លាយ មានបរិមាណសំណល់ប្រេងអណ្តែតច្រើន លើទីវាលស្រែក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ។ សូមបញ្ជាក់ថាក្រោយមានឧទ្ទេវហេតុ ប្រជាពលរដ្ឋមួយចំនួនបាន និងកំពុងស្រង់ប្រេងយកទុកប្រើប្រាស់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









