ព័ត៌មានជាតិ November 18, 2025

អ្នកជំនាញគោទឹកដោះ មកពីប្រទេសប្រេស៊ីល ពន្យល់កសិករខ្មែរឱ្យយល់ពីការចិញ្ចឹមគោ តាមបច្ចេកទេសប្រេស៊ីល ដើម្បីយកទឹកដោះគោបែបស្តង់ដាលក់ចូលទីផ្សារ ដែលកំពុងមានតម្រូវការខ្ពស់

Liny Chan

(ភ្នំពេញ)៖ លោក អេសុី ភិញញ៉េរូ ម៉ាឆាដូ ( A.C. Pinheiro Machado ) អ្នកជំនាញផ្នែកគោទឹកដោះ មកពីប្រទេសប្រេស៊ីល និងជាប្រធានបច្ចេទេសនៃកសិដ្ឋាន i7 Ranch Cambodia បានធ្វើបទបង្ហាញពន្យល់ប្រជាកសិករមកពីបណ្តាខេត្តនានា ឱ្យចាប់អារម្មណ៍ និងបង្វែរការចិញ្ចឹមគោបែបប្រពៃណី មកចិញ្ចឹមគោតាមបច្ចេកទេសប្រេស៊ីល ដើម្បីយកទឹកដោះគោបែបស្តង់ដាលក់ចូលទីផ្សារដែលកំពុងមានតម្រូវការខ្ពស់។

ពិធីជួបជុំនេះបានធ្វើឡើងកាលពីចុងសប្ដាហ៍នេះក្នុងពិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ សហគមន៍ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ដែលមកពីតាមបណ្ដាលខេត្តនានា។

ប្រធានរូបនេះ បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានខ្សែបណ្តោយអេក្វាទ័រត្រង់ជាមួយនឹងប្រទេសប្រេសហ្ស៊ីល និងមានសីតុណ្ហភាព ព្រមទាំងការលូតលាស់ស្មៅគឺល្អដូចគ្នា ដែលវាអំណោយផលខ្ពស់ចំពោះទិន្នផលនៃទឹកដោះគោ ដូចនឹងប្រទេសប្រេហ្ស៊ីលផងដែរ និងសូមណែនាំដល់កសិករកម្ពុជាទាំងអស់ ចំពោះការកែប្រែពីការចិញ្ជឹមគោធម្មតា ឬគោលឿង (គោកណ្តុរ កន្លាត) មកចិញ្ចឹមប្រភេទគោដែលទទួលបានទិន្នផលខ្ពស់ ទទួលបានអត្ថប្រយោជន៍ច្រើនជាងមុន កាន់តែចំណេញពេលវេលា និងថវិកា។

លោក អេស៊ី ភិញញ៉េរូ ម៉ាឆាដូ បានថ្លែងថា នឹងជួយជ្រោមជ្រែងដល់កសិករខ្មែរគ្រប់រូបដែលចាប់អារម្មណ៍ និងមានបំណងចង់ចិញ្ចឹមគោទឹកដោះនេះ ដោយលោកនឹងជួយជ្រើសរើសប្រភេទពូជគោណាដែលសក្ដិសមទៅនឹងអំណោយផលនៅកម្ពុជា ពោលគឺមិនមែនគ្រប់សត្វគោ សុទ្ធតែអាចចិញ្ចឹមនៅកម្ពុជានោះទេ ពោលគឺអាស្រ័យលើលក្ខណអំណោយផលអាកាសធាតុ និងបច្ចេកទេសចិញ្ចឹមផងដែរ ទើបសត្វគោទាំងនោះមានសុខភាពល្អ ផលិតទឹកដោះបានច្រើនតាមតម្រូវការ។

ទោះយ៉ាងណា លោកអះអាងថា ផ្អែកតាមបទពិសោធន៍រាប់សិបឆ្នាំរបស់លោក សូមកសិករខ្មែរកុំមានការសង្ស័យ ហើយងាកមកចិញ្ចឹមគោទឹកដោះនេះឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនសង្វាក់ផលិតកម្មទឹកដោះគោនៅប្រទេសកម្ពុជាដែលកំពុងមានសេចក្ដីត្រូវការខ្លាំង ហើយអាចជួយជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារឱ្យមានជីវភាពបានល្អប្រសើរផងដែរ។

លើសនេះ លោក ស៊ុំ ស៊ីណាត អ្នកគ្រប់គ្រងទូទៅ កសិដ្ឋាន i7 Ranch Cambodia បានឡើងចែករំលែកអំពីរបៀបនៃការសាងសង់រោងគោ ការរៀបចំចំណី វិធីបង្កា និងបច្ចេកទេសជាច្រើនទៀតដល់ប្រជាកសិករមកពីបណ្តាខេត្តនានា ដែលបានចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ។ ពូជគោមានលក់នៅកសិដ្ឋាន បើសិនមានតម្រូវការនឹងនាំចូលពីប្រទេសប្រេស៊ីលមកបំពេញបន្ថែម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News