ថ្មដា រក្សាបានសភាពស្ងប់ស្ងាត់ តែពលរដ្ឋកើតអារម្មណ៍ភិតភ័យ ក្រោយមានព័ត៌មានថៃប្រកាសវាយ
(ពោធិ៍សាត់)៖ រហូតដល់មកដល់វេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សភាពការណ៍នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រាក្សាបានសភាពស្ងប់ស្ងាត់មិនមានបាតុភាពណាមួយកើតឡើងនៅតំបន់ព្រំដែនខ្មែរ-ថៃនោះឡើយ។

កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ មានការទទួលបានប្រភពព័ត៌មានថា កងទ័ពថៃ មានផែនការវាយប្រហារចូលមកកាន់កាប់ទឹកដីកម្ពុជានៅភូមិសាស្ត្រឃុំថ្មដារង្វង់ថ្ងៃទី១៧ និង១៨ ខែវិច្ឆិកានេះ។ ទោះជាយ៉ាងនៅថ្ងៃទី១៧ ខែវិច្ឆិកា និងដល់រសៀលថ្ងៃទី១៨ ខែវិច្ឆិកា មិនសភាពការណ៍ណាមួយកើតឡើងនោះឡើយ។
ថ្មដាដែលជាទីកន្លែងស្ងប់ស្ងាត់ពេលមិនទាន់មានផ្លូវសម្រាប់ធ្វើដំណើរពីទីរួមខេត្តមកនោះ ពេលបច្ចុប្បន្នបានក្លាយទៅជាកន្លែងអ៊ូអរ និងមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើន។ មកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ប្រជាពលរដ្ឋក្នុងឃុំថ្មដា បន្តរស់នៅ និងប្រកបរបរអាជីវកម្មរបស់ពួកគេជាធម្មតា មិនមានការជម្លៀសប្រជាពលរដ្ឋនោះឡើយ។
បើទោះបីជាយ៉ាងណាព័ត៌មានពីការវាយប្រហាររបស់កងទ័ពថៃ ចូលមកតំបន់ថ្មដា បានបង្កការព្រួយបារម្ភ និងភិតភ័យដល់ប្រជាពលរដ្ឋនៅក្នុងឃុំថ្មដាផងដែរ។ ពួកគេក៏បានត្រៀមលក្ខណៈសម្បត្តិភៀសខ្លួនផងដែរ បើមានហេតុការណ៍ណាមួយកើតឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









































































