Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុនព្រមានពលរដ្ឋខ្លួននៅចិនអំពីសុវត្ថិភាព ក្រោយផ្ទុះជម្លោះការទូត ដោយសារតែរឿងតៃវ៉ាន់

    BY Liny Chan November 18, 2025
    ជប៉ុនព្រមានពលរដ្ឋខ្លួននៅចិនអំពីសុវត្ថិភាព ក្រោយផ្ទុះជម្លោះការទូត ដោយសារតែរឿងតៃវ៉ាន់

    (តូក្យូ)៖ ជប៉ុនបានព្រមានពលរដ្ឋរបស់ខ្លួន ដែលកំពុងស្ថិតក្នុងប្រទេសចិន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីសុត្ថិភាពរបស់ពួកគេ ហើយចៀសវាងកន្លែងដែលមានមនុស្សប្រមូលផ្តុំច្រើនៗ បន្ទាប់ពីប្រទេសទាំង២ បានផ្ទុះជម្លោះការទូតនឹងគ្នា ដោយសារតែការអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្តីជប៉ុន ស្តីអំពីកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

    ជម្លោះការទូតដែលកាន់តែតានតឹងឡើងនេះ បានមើលឃើញ ទីក្រុងប៉េកាំងណែនាំពលរដ្ឋចិន មិនឱ្យធ្វើដំណើរមកប្រទេសជប៉ុន រួចស្រេចទៅហើយ។ ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ស្ថានទូតជប៉ុនប្រចាំប្រទេសចិន បានណែនាំឱ្យពលរដ្ឋជប៉ុន យកចិត្តទុកដាក់ចំពោះស្ថានភាពជុំវិញខ្លួនពួកគេ និងចៀសវាងឱ្យខ្លាំងបំផុតតាមតែអាចទៅរួច នូវទីធ្លាសាធារណៈដែលមានការប្រមូលផ្តុំធំៗ ឬទីតាំងដែលអាចចាត់ទុកជាកន្លែងនិយមប្រើប្រាស់ ដោយជនជាតិជប៉ុនភាគច្រើន។ យ៉ាងណាមិញ នាថ្ងៃអង្គារនេះ ទីក្រុងប៉េកាំង បានប្រកាសប្តេជ្ញាការពារសុវត្ថិភាពរបស់ជនបរទេសទាំងអស់ ដែលស្ថិតក្នុងប្រទេសចិន។

    គួរបញ្ជាក់ថា ការឈ្លោះទាស់ទែងគ្នារវាងប្រទេសទាំងពីរ គឺផ្តើមចេញមកពីការលើកឡើងរបស់ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ដែលបាននិយាយថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីដែលចិនបើកការវាយប្រហារលើ​តៃវ៉ាន់។ ការអត្ថាធិប្បាយបែបនោះ បានធ្វើឱ្យចិនក្តៅស្លឹកត្រចៀកជាខ្លាំង ដ្បិតចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបញ្ហាដែនកោះនេះ គឺជាខ្សែបន្ទាត់ក្រហម និងជាបញ្ហាស្នូលបំផុតនៃផលប្រយោជន៍ស្នូលនានារបស់ប្រទេសចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: