ព័ត៌មានជាតិ November 19, 2025

អាមេរិក បញ្ជាក់ពីការលក់ប្រព័ន្ធមីស៉ីលការពារអាកាស តម្លៃជិត ៧០០លានដុល្លារ ឱ្យតៃវ៉ាន់

Liny Chan

(តៃប៉ិ)៖ សហរដ្ឋអាមេរិក បានប្រកាសពីការលក់បរិក្ខារយោធាផ្សេងមួយទៀតដល់តៃវ៉ាន់ ពាក់ព័ន្ធប្រព័ន្ធមីស៉ីលការពារដែនអាកាស តម្លៃជិត៧០០លានដុល្លារ បន្ទាប់ពីសប្តាហ៍មុន ទើបតែបានអនុម័តគម្រោងលក់គ្រឿងបន្លាស់យន្តហោះយោធា តម្លៃជាង ៣០០លានដុល្លារ ឱ្យទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រព័ន្ធមីស៉ីលខាងលើ គឺហៅថា NASAMS ដែលត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ សព្វថ្ងៃនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក មានតែប្រទេសអូស្រ្តាលីនិងឥណ្ឌូណេស៉ីប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការប្រព័ន្ធមីស៉ីលការពារអាកាស​របស់អាមេរិកមួយនេះ។

មន្ទីរបញ្ចកោណ បាននិយាយថា កិច្ចសន្យាទំហំ៦៩៨.៩លានដុល្លារ ត្រូវបានប្រគល់ឱ្យក្រុមហ៊ុន Raytheon ចាប់ផ្តើមដើម្បីផលិត ប្រព័ន្ធ NASAMS ឱ្យតៃវ៉ាន់។ ការងារពាក់ព័ន្ធការផលិតនេះ ត្រូវបានរំពឹងថា នឹងរួចរាល់នៅអំឡុងដើមឆ្នាំ២០៣១។ កាលពីឆ្នាំមុន ក្រសួងការបរទេសអាមេរិក បានផ្តល់ភ្លើងបៃតងសម្រាប់ការលក់ប្រព័ន្ធ NASAMS សរុបចំនួន៣ឈុតឱ្យតៃវ៉ាន់។

អ្នកតំណាងរបស់អាមេរិកប្រចាំនៅទីក្រុងតៃប៉ិ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយយ៉ាងដូច្នេះថា «វាគួរតែច្បាស់ហើយនាពេលនេះ និងនៅពេលអនាគត ថាការប្តេជ្ញារបស់អាមេរិកចំពោះតៃវ៉ាន់ គឺរឹងមាំបំផុត។ យើងកំពុងគាំទ្រពាក្យសម្តីទាំងនេះ ជាមួយការធ្វើសកម្មភាពផ្ទាល់ ដោយផ្តោតលើការគាំទ្រកិច្ចប្រឹងប្រែងរបស់តៃវ៉ាន់ ក្នុងការសម្រេចបាននូវសន្តិភាពតាមរយៈកម្លាំងរឹងមាំ។ ហើយគ្មានអ្វីច្បាស់ជាង ការរីកដុះដាលកាន់តែខ្លាំងឡើង នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធា រវាងភាគីយើងទាំងពីរ នោះឡើយ»

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សហរដ្ឋអាមេរិក ទើបតែបានអនុម័តគម្រោងលក់គ្រឿងបន្លាស់ សម្រាប់យន្តហោះចម្បាំង និងយន្តហោះយោធាផ្សេងទៀត ឱ្យតៃវ៉ាន់ ក្នុងទឹកប្រាក់៣៣០លានដុល្លារ ដែលជាលើកដំបូងបំផុត នៃការអនុម័តគម្រោងលក់បរិក្ខារយោធាសម្រាប់តៃវ៉ាន់ ធ្វើឡើងដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ គិតចាប់តាំងពី​រូបលោកបានត្រឡប់មកកាន់អំណាចសាជាថ្មី។ ការអនុម័តនោះ ទទួលបានការអរគុណពីទីក្រុងតៃប៉ិ និងការរិះគន់មិនពេញចិត្ត​ពីទីក្រុងប៉េកាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News