អគ្គស្នងការដ្ឋាននគរបាលជាតិ ទាត់ចោលវីដេអូបង្កើតឡើងដោយ AI ដែលវាយប្រហាររាជរដ្ឋាភិបាល និងនគរបាលកម្ពុជា ករណីស្ដ្រីជនសង្ស័យដែលទៅរំដោះអ្នកទោសចេញពីតុលាការ
(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុងចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ច បានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យ ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដែលបង្កើតឡើងដោយប្រទេសជិតខាង ក្នុងចេតនាញុះញង់ វាយប្រហាររាជរដ្ឋាភិបាល និងកិត្តិយសនគរបាលជាតិកម្ពុជា។
ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែកចាយវីដេអូខាងលើនេះ ចៀសវាងនាំឲ្យមានការភាន់ច្រឡំ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិកម្ពុជា។ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលបន្តការចែកចាយវីដេអូក្លែងក្លាយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

