ព័ត៌មានជាតិ November 21, 2025

រំលឹកដល់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ស្អែកនេះក្រសួងការងារ នឹងបើកពិព័រណ៍ផ្តល់ឱកាសការងារនៅខេត្តបន្ទាយមានជ័យ

Liny Chan

(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន២ របស់ខេត្តបន្ទាយមានជ័យ គឺស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៧ម៉ឺនកន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់ នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែមទៀតផង។

ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវឱ្យអតីតពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលរួមឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាសការងារថ្មី បង្កើនជំនាញ និងបង្កើនគុណភាពជីវិត។

សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ចំនួន ៣ខេត្តគឺ ក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តបន្ទាយមានជ័យពី ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងក្នុងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News