ព័ត៌មានជាតិ November 22, 2025

អ្នកនាំពាក្យពាណិជ្ជកម្ម៖ ការបិទព្រំដែន ថៃខាត តែចំណេញកម្ពុជា និងប្រទេសក្នុងតំបន់ ខណៈការនាំចូលពីម៉ាឡេស៊ីកើនឡើង ៣ដង

Liny Chan

​(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះ ទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុក ប្រមាណពី៦០ទៅ៧០% គឺជាទំនិញកម្ពុជា និងមួយចំនួនទៀត នាំចូលពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេស​ក្នុងតំបន់ផ្សេងទៀត។

​លោកបានលើកឡើងថា ប្រេង និងឧស្ម័ន ត្រូវបាននាំ​មកពីវៀតណាម និងសិង្ហបុរីបន្ទាប់ពីឈប់នាំចូលពីថៃ រីឯគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត បាននាំចូលពីបណ្តាប្រទេសក្នុងតំបន់ ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម​ ខណៈស្ថានទូតម៉ាឡេស៊ីបានជូនដំណឹងថា ការនាំចូលរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើង៣ដង បើធៀបនឹងកាលពីមុន។ ​

លោកបញ្ជាក់ថា នៅពេលដែលថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បានធ្វើឱ្យកម្ពុជាចំណេញ សហគ្រាសក្នុងស្រុករីកចម្រើន និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតក៏ចំណេញដូចគ្នា។


លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ​សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមស្តាប់ការលើកឡើងលម្អិតរបស់ លោក ប៉ែន សុវិជាតិតាមរយៈលីងខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Freel%2F697554836732753%2F%3Frdid%3D4vs1r4xyJGhiKOoK%26share_url%3Dhttps%253A%252F%252Fwww.facebook.com%252Fshare%252Fv%252F1GxANcKpxi%252F&show_text=0&width=780&autoplay=false&height=440&mute=0