ពលរដ្ឋភូមិព្រៃចាន់ និងជោគជ័យ វិលត្រឡប់ទៅផ្ទះសម្បែងវិញហើយក្រោយសភាពការណ៍ស្ងប់ស្ងាត់
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ ភូមិព្រៃ ចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានវិលត្រឡប់ ទៅ ផ្ទះ សម្បែងរបស់ខ្លួនបណ្តើរៗហើយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីពួកគេឃើញសភាពការណ៍ស្ងប់ស្ងាត់។

ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានជម្លៀសចេញពីភូមិឋានជាបន្ត បន្ទាប់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានហេតុការណ៍កងទ័ពថៃ បាញ់ ប្រហារលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស ៣នាក់។
ជាមួយការវិលត្រឡប់ទៅវិញរបស់ប្រជាពលរដ្ឋនេះ គេបានឃើញអាជ្ញាធរខេត្តជាក្រុមការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាពនៅវត្តចាន់ស៊ីសាមគ្គីរតនារាម បានរៀបចំរថយន្តជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅផ្ទះសម្បែងរបស់គាត់ផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ មានចំនួនសរុបជិត ១ពាន់គ្រួសារ។ កំលុងពេលភៀសមកស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌល សុវត្ថិភាព ក្នុង វត្តចាន់ស៊ីសាមគ្គី រត នា រាម ប្រជាពលរដ្ឋទាំងអស់ទទួលបានការយកចិត្តទុកដាក់ ខ្ពស់ ពី សំណាក់អាជ្ញាធរតាមរយៈការរៀបចំកន្លែងស្នាក់ ផ្តល់ស្បៀងអាហារ ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



































