Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

តុលាការ ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte

BY Liny Chan November 29, 2025
តុលាការ ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte

(ឡាអេ)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចនៅថ្ងៃសុក្រនេះថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) វ័យ ៨០ឆ្នាំ ត្រូវតែបន្តស្ថិតក្រោមការឃុំខ្លួន បើទោះបីជាមានការប្តឹងឧទ្ធរណ៍ពីក្រុមមេធាវីសុំឱ្យដោះលែង ដោយសំអាងលើវ័យចាស់ជរា និងបញ្ហាសុខភាពក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ឌូទើតេ ដែលបានកាន់តំណែងពីឆ្នាំ២០១៦ ដល់ ២០២២ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ទីក្រុងឡាអេ កាលពីខែមីនា ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឃាតកម្មក្នុងអំឡុងពេល «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏បង្ហូរឈាមរបស់លោក ដែលបានសម្លាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់។

ចៅក្រមសាលាឧទ្ធរណ៍បានបដិសេធសំណើសុំដោះលែងបណ្តោះអាសន្ន ដែលមានន័យថាលោកត្រូវបន្តស្នាក់នៅក្នុងមន្ទីរឃុំឃាំងដើម្បីរង់ចាំការកាត់ក្តី។ ទោះជាយ៉ាងណា ក្រុមមេធាវីរបស់លោកកំពុងព្យាយាមទម្លាក់ចោលសំណុំរឿងនេះទាំងមូល ដោយអះអាងថាការចាប់ខ្លួនលោកគឺខុសច្បាប់ ហើយ ICC គ្មានយុត្តាធិការលើហ្វីលីពីនទេ ព្រោះប្រទេសនេះបានដកខ្លួនចេញពីតុលាការតាំងពីឆ្នាំ២០១៩ មកម្ល៉េះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: