Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្ស ១៣នាក់ប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ១០ឆ្នាំ និងពិន័យជាង ៥០ម៉ឺនដុល្លារ ក្នុងសំណុំរឿងធ្វើឱ្យបែកធ្លាយវិញ្ញាសារប្រលងថ្នាក់ជាតិនៅឥណ្ឌា

BY Nisaiy KP August 2, 2026
មនុស្ស ១៣នាក់ប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ១០ឆ្នាំ និងពិន័យជាង ៥០ម៉ឺនដុល្លារ ក្នុងសំណុំរឿងធ្វើឱ្យបែកធ្លាយវិញ្ញាសារប្រលងថ្នាក់ជាតិនៅឥណ្ឌា

ឥណ្ឌា៖ ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសឥណ្ឌា សម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការដើម្បីប្រឆាំងនឹងមនុស្ស ១៣នាក់ ក្នុងសំណុំរឿងធ្វើឱ្យបែកធ្លាយវិញ្ញាសារប្រលងចូលមហាវិទ្យាល័យវេជ្ជសាស្ត្រជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time​ នៅក្នុងថ្ងៃទី៣១ ខែកក្កដា។ ជនសង្ស័យទាំង ១៣នាក់នោះរួមមាន អ្នកជំនាញលើមុខវិជ្ជាចំនួន ៣នាក់ បុគ្គលិកនៃមហាវិទ្យាល័យវេជ្ជសាស្ត្រជាតិចំនួន ២នាក់ និង ៨នាក់ផ្សេងទៀតគឺជាអន្តរការី ដែលទទួលបន្ទុកស្វែងរកបណ្តាញទិញវិញ្ញាសារ។

គួររម្លឹកជូនថា ការប្រលងចូលមហាវិទ្យាល័យវេជ្ជសាស្ត្រជាតិនៅក្នុងប្រទេសសម្រាប់ឆ្នាំ២០២៦​ នេះត្រូវបានធ្វើឡើងកាលពីខែឧសភា តែដោយសារមានរឿងចម្រូងចម្រាសនៃការបែកធ្លាយវិញ្ញាសារនេះ ក្រសួងអប់រំឥណ្ឌាក៏បានលុបចោលលទ្ធផលប្រលងក្នុងខែឧសភា និងសម្រេចរៀបចំការប្រលងជាថ្មីម្តងទៀតនៅក្នុងថ្ងៃទី២១ ខែមិថុនា។ បើទោះជាមានការប្រលងឡើងវិញក៏ដោយ តែចលនាប្រឆាំងតវ៉ាពីសំណាក់ក្រុមយុវជនឥណ្ឌានៅតែបន្តកើតមាន រហូតធ្វើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌាត្រូវបង្ខំចិត្តលាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ ហើយប៉ូលិសឥណ្ឌាក៏សម្រេចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនសង្ស័យទាំង ១៣នាក់ខាងលើនេះផងដែរ។

យោងទៅតាមច្បាប់ថ្មីនៅក្នុងប្រទេសឥណ្ឌា ជនសង្ស័យទាំង ១៣នាក់នេះអាចរងនូវការចោទប្រកាន់ពីបទឃុបឃិតគ្នាក្នុងបទឧក្រិដ្ឋ ការបោកប្រាស់ ការរំលោភលើទំនុកចិត្តក្នុងបទឧក្រិដ្ឋ ការបំផ្លាញភស្តុតាង និងបទល្មើសផ្សេងៗមួយចំនួនទៀត។ ចំពោះការផ្តន្ទាទោសវិញ គឺពួកគេអាចនឹងប្រឈមនឹងការជាប់ពន្ធនាគារក្នុងរយៈពេលចន្លោះពី ៥-១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៥០លានរូពី(ជាង ៥២៣,០០០ដុល្លារ)។ សូមបញ្ជាក់ជូនថា នៅក្នុងប្រទេសឥណ្ឌាកំពុងកើតមានចលនាប្រឆាំងតវ៉ាជាមួយរដ្ឋាភិបាលយ៉ាងខ្លាំងក្លា ហើយករណីខាងលើនេះក៏ជាផ្នែកមួយនៃការតវ៉ាទ្រង់ទ្រាយធំពីសំណាក់ពលរដ្ឋឥណ្ឌាផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: