ព័ត៌មានអន្តរជាតិ November 30, 2025

លោក គីម ជុងអ៊ុន ប្តេជ្ញាបំពាក់បរិក្ខារយុទ្ធសាស្រ្តថ្មីៗ ដល់កងទ័ពអាកាសកូរ៉េខាងជើង

Nisaiy KP

(ព្យុងយ៉ាង)៖ នាថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានប្រកាសថា កងទ័ពអាកាសនៃប្រទេសកូរ៉េខាងជើង នឹងត្រូវបំពាក់ដោយបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក គីម បានធ្វើសេចក្តីប្រកាសដូចខាងលើ អំឡុងពិធីអបអរខួបទី៨០ របស់កងទ័ពអាកាសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ អមដោយវត្តមានកូនស្រីលោកគឺ Ju Ae ដែលត្រូវគេមើលឃើញ​ថា អាចនឹងក្លាយជាអ្នកបន្តវេនស្នងតំណែងជាមេដឹកនាំ នៅថ្ងៃអនាគត។

តាម KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «កងទ័ពអាកាស នឹងត្រូវផ្តល់នូវបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ ព្រមទាំងភារកិច្ចសំខាន់ថ្មីមួយ»។ យ៉ាងណាមិញ លោក គីម ជុងអ៊ុន មិនបានបកស្រាយលម្អិតជាងនេះទៀតឡើយ។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនោះទេ ចំពោះសំណើរបស់កូរ៉េខាងត្បូង ដែលចង់ឱ្យបើកកិច្ចពិភាក្សា ដើម្បីបញ្ចៀស​ការប៉ះទង្គិចគ្នាផ្នែកយោធាដោយចៃដន្យ នៅតាមបណ្តោយព្រំប្រទល់ប្រទេសទាំងពីរ។ ក្នុងខែនេះ ទីក្រុងសេអ៊ូល បានស្នើឡើងថា ភាគីទាំងពីរគួររៀបចំកិច្ចពិភាក្សាយោធា ដើម្បីជជែកអំពីខ្សែបន្ទាត់ព្រំដែនគោក MDL ដែលខណ្ឌចែកកូរ៉េទាំងពីរ ក្រោយមានករណី​បំពានចូលម្តងហើយម្តងទៀត ដោយទាហានកូរ៉េខាងជើង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews