លោក អាន់វ៉ា៖ កម្ពុជា និងថៃ យល់ព្រមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍ការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃពុធ ទី១៧ ខែធ្នូ បាននិយាយថាកម្ពុជា និងថៃ យល់ព្រមចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ក្នុងទីក្រុងគូឡាឡាំពួ ដើម្បីពិភាក្សាពីការទប់ស្កាត់កុំឱ្យជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំង២រាលដាល់កាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes។

តាមលោក អាន់វ៉ា កម្ពុជា និងថៃក៏បានយល់ព្រមផងដែរឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះត្រួតពិនិត្យតំបន់ព្រំដែន ហើយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃ ប្រទេសទាំង២ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តការចូលរួមក្នុងកម្រិតយោធា។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្ថែមថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានមានគោលដៅបញ្ចុះបញ្ចូលឱ្យថៃ និងកម្ពុជាទប់ស្កាត់កុំឱ្យភាពតានតឹងកើនឡើងរឹតតែខ្លាំងនៅតាមបណ្ដោយ ព្រំដែនរវាងប្រទេសទាំង២ ខណៈមេដឹកនាំនៃប្រទេសទាំង២ក៏មានបំណងបញ្ចប់ជម្លោះឱ្យបានកាន់តែឆាប់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

