សហរដ្ឋអាមេរិក បន្តរក្សាការទាក់ទងជាមួយកម្ពុជា និងថៃ ជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់
(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភចំពោះការបន្តការវាយប្រយុទ្ធគ្នា និងតួលេខអ្នកស្លាប់ រងរបួសនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាមួយការស្នើឱ្យមានបទឈប់បាញ់មួយជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យខាងលើបានឱ្យដឹងទៀតថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅតែបន្តរក្សាការទំនាក់ទំនងជាមួយសមភាគីកម្ពុជា និងថៃ ព្រមទាំងម៉ាឡេស៊ី ដើម្បីសម្ដែងការព្រួយបារម្ភ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ដូច្នេះថា «យើងជំរុញយ៉ាងខ្លាំងឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ ការការពារជនស៊ីវិល ក៏ដូចជាជំរុញឱ្យភាគីទាំង២អនុវត្តយ៉ាងពេញលេញតាម បទឈប់បាញ់ និងវិធានការបន្ធូរបន្ថយផ្សេងទៀតដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាពួកាលពីថ្ងៃទី២៦ ខែខែតុលា»៕
ផ្ដល់សិទ្ធិដោយ៖ Fresh News
