ព័ត៌មានអន្តរជាតិ December 25, 2025

គេហទំព័រព័ត៌មានយោធាដ៏ល្បីមួយនៅអ៊ុយក្រែន រាយការណ៍ថា «ថៃឈ្លានពានកម្ពុជាមុន»

Liny Chan

(កៀវ)៖ Militarnyi ដែលជាគេហទំព័រព័ត៌មានយោធាដ៏ល្បីមួយនៅអ៊ុយក្រែនកាលពីថ្ងៃទី៨ ខែធ្នូ បានរាយការណ៍ថារថក្រោះ និងរថពាសដែករបស់កងទ័ពថៃបានឆ្លងដែន និងឈ្លានពានចូលទឹកដីកម្ពុជា។ នៅក្នុងវីដេអូដែលត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញរថពាកដែករបស់ថៃធុន M113 ACAV បានបើកឆ្លងព្រំដែន ហើយការឈ្លានពាននេះក៏ត្រូវបានទទួលស្គាល់ផងដែរដោយក្រសួងការពារជាតិកម្ពុជា។

បន្ថែមពីលើនេះ វីដេអូមួយទៀតបានបង្ហាញពីរថក្រោះធុន M48A5PI របស់ថៃឈ្លានពានចូលទឹកដីកម្ពុជាផងដែរ។ ក្រសួងការពារជាតិថៃបាននិយាយថានេះជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនចោទថាជាការបង្កហេតុដោយខាងភាគីកម្ពុជា។ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwari បានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់អាវុធធុនធ្ងន់ និងប្រព័ន្ធអាវុធបាញ់គាំទ្រវាយប្រហារលើគោលដៅក្នុងទឹកដីថៃ និងជាអ្នកបើកការបាញ់ប្រហារមុន។

ជាការឆ្លើយតបទៅវិញ ក្រសួងការពារជាតិកម្ពុជាបានទាត់ចោលការចោទប្រកាន់នេះ និងអះអាងថាកម្ពុជាបានអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ «កម្ពុជាបានអនុវត្តយ៉ាងជាប់លាប់នូវ ការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធីស្របទៅតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងស្វែងរកដំណោះស្រាយដែលមានភាពយុត្តិធម៌ យូរអង្វែង និងអនុលោមតាម ច្បាប់អន្តរជាតិ»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា។

កាលពីថ្ងៃទី៨ ខែធ្នូ ថៃបានបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា។ ជម្លោះព្រំដែនលើកទី១រវាងកម្ពុជា និងថៃ បានផ្ទុះឡើងម្ដងរួចហើយកាលពីខែកក្កដា ឆ្នាំ២០២៥ ពោលប៉ុន្មានថ្ងៃមុនការស្លាប់របស់ទាហានថៃ ២នាក់ ដែលភាគីថៃអះអាងថាបានជាន់មីន។

កាលពីខែតុលា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភាគីទាំងជម្លោះទាំង២បានចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួមមួយ ដោយសន្យាបញ្ឈប់រាល់សកម្មអរិភាព និងបង្កើតទំនាក់ទំនងល្អក្នុងនាមជាអ្នកជិតខាង។ ថៃបានសន្យាថានឹងដោះលែងទាហានកម្ពុជា១៨នាក់ រីឯកម្ពុជាសន្យាថានឹងចាប់ផ្ដើមដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ខណៈក្រុមអ្នកសង្កេតការណ៍ម៉ាឡេស៊ីតាមដានការអនុវត្តបទឈប់បាញ់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News