ជនបរទេស ៤នាក់បាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានលិចក្នុងសមុទ្រឥណ្ឌូណេស៊ី
(ហ្សាការតា)៖ អាជ្ញាធរអេស្ប៉ាញ និងឥណ្ឌូណេស៊ី បាននិយាយថា សមាជិក ៤នាក់នៃគ្រួសារជនជាតិអេស្ប៉ាញ កំពុងបាត់ខ្លួន បន្ទាប់ពីទូកផ្ទុកមនុស្ស ១១នាក់បានលិចនៅឆ្នេរសមុទ្រប្រទេសឥណ្ឌូណេស៊ី ដោយសារតែកត្តាអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឪពុក និងកូនប្រុស ៣នាក់ដែលទៅវិស្សមកាលនៅឥណ្ឌូណេស៊ី បានបាត់ខ្លួនតាំងពីយប់ថ្ងៃសុក្រ នៅពេលដែលទូកបានលិចក្នុងរលកកម្ពស់ ៣ម៉ែត្រ នៅច្រកសមុទ្រក្បែរកោះ Padar ជិតតំបន់ Labuan Bajo ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ ចំណែកម្តាយ និងកូនស្រីម្នាក់ ព្រមទាំងសមាជិកនាវិក ៤នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។
ក្រុមសង្គ្រោះបានព្យាយាមស្វែងរកពួកគេ ចំពេលដែលមានរលកខ្លាំង និងចរន្តទឹកកួច ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង ៦ល្ងាច ដោយរកឃើញតែបំណែកនៃទូកប៉ុណ្ណោះ។ ទីភ្នាក់ងាររុករក និងជួយសង្គ្រោះឥណ្ឌូណេស៊ី (SAR) បានបញ្ជាក់ថា អាជ្ញាធរបានផ្អាកការស្វែងរកនៅពេលយប់ ហើយនឹងបន្តឡើងវិញនៅព្រឹកថ្ងៃអាទិត្យ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
