ចិន ស្វាគមន៍សេចក្តីថ្លែងការណ៍កម្ពុជា-ថៃ ហេីយថានឹងបន្តដេីរតួនាទីស្ថាបនាដេីម្បីពង្រឹងបទឈប់បាញ់
(ប៉េកាំង)៖ ប្រទេសចិន បានប្រកាសស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលយល់ព្រមលើបទឈប់បាញ់ ជាមួយការលេីកឡេីងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងអាចអនុវត្តបាន ដើម្បីដោះស្រាយជម្លោះស្មុគស្មាញ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន នាយប់ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ក៏បានលេីកឡេីងថា ចិន អាស៊ាន និងសហគមន៍អន្តរជាតិ បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចគោលដៅនេះ។ ចិន ត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា និងថៃ ឱ្យការធ្វេីទំនាក់ទំនងកាន់តែពេញលេញ និងលម្អិតជាងមុន។
លោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេស នឹងជួបលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ស៉ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅខេត្តយូណាន ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែធ្នូ ហើយតំណាងយោធានៃប្រទេសទាំង ៣ ក៏នឹងចូលរួមផងដែរ។
ប្រទេសចិន នឹងដើរតួនាទីសំខាន់ក្នុងន័យស្ថាបនាសម្រាប់កម្ពុជា-ថៃ ដើម្បីពង្រឹងបទឈប់បាញ់ បន្តការផ្លាស់ប្តូរ កសាងទំនុកចិត្តនយោបាយឡើងវិញ សម្រេចបាននូវការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី និងរក្សាសន្តិភាពក្នុងតំបន់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
