កោះតៃវ៉ាន់ រងការអង្រួនដោយគ្រោះរញ្ជួយដីកម្រិត៧.០រ៉ិចទ័រ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរ
(តៃប៉ិ)៖ កាលពីយប់ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ គ្រោះរញ្ជួយដីធំមួយកម្រិត៧.០រ៉ិចទ័រ បានវាយប្រហារចំផ្ទៃសមុទ្រចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង Yilan របស់កោះតៃវ៉ាន់ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋបាលឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា គ្រោះរញ្ជួយដីខាងលើ បានកើតឡើងនៅជម្រៅ៧៣គីឡូម៉ែត្រ ក្រោមបាតសមុទ្រ ហើយបង្កឱ្យមានការញាប់ញ័រនៅទូទាំងដែនកោះ ព្រមទាំងអង្រួនអគារនានានៅក្នុងទីក្រុងតៃប៉ិ។ បើតាមអាជ្ញាធរទីក្រុងតៃប៉ិ មកទល់ពេលនេះ ពុំមានករណីខូចខាតធ្ងន់ធ្ងរណាមួយ ត្រូវបានរាយការណ៍ឡើយ ពោលគឺមានត្រឹមសេចក្តីរាយការណ៍ ពីការខូចខាតតិចតួច។ អាជ្ញាធរតៃវ៉ាន់ បាននិយាយថា គ្រោះរញ្ជួយដីនេះ គួរតែមានផលប៉ះពាល់មិនខ្លាំងទេ ទោះស្ថិតក្នុងកម្រិត៧.០រ៉ិចទ័រក៏ដោយ ដ្បិតវាមានជម្រៅជ្រៅ និងវាយប្រហារចំផ្ទៃសមុទ្រឯណោះ។
គួរបញ្ជាក់ថា តៃវ៉ាន់ស្ថិតនៅលើចំណុចប្រសព្វនៃស្រទាប់ផ្លាកតិចតូនិកចំនួន២ ជាហេតុនាំឱ្យងាយរងគ្រោះពីបាតុភូតរញ្ជួយផែនដី។ មនុស្សជាង១០០នាក់ បានស្លាប់ក្នុងគ្រោះរញ្ជួយដីមួយ នៅភាគខាងត្បូងកោះតៃវ៉ាន់ កាលពីឆ្នាំ២០១៦ ខណៈរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រ បានសម្លាប់មនុស្សរហូតដល់ជាង២០០០នាក់ កាលពីឆ្នាំ១៩៩៩៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


