សហរដ្ឋអាមេរិក ស្វាគមន៍បទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ ហើយទទូចឱ្យអនុវត្តជាបន្ទាន់និងពេញលេញកិច្ចព្រមព្រៀងគូឡាឡាំពួ
(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានចូលរួមជាមួយសហគមន៍អន្តរជាតិ សម្តែងការស្វាគមន៍ចំពោះការឈានដល់បទឈប់បាញ់ជាថ្មីរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដែលស្ថិតក្នុងចំណោមជម្លោះមួយនៅលើពិភពលោក ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានខិតខំប្រឹងប្រែងជួយសម្រុះសម្រួល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Rubio បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងសូមទទូចឱ្យកម្ពុជានិងថៃ គោរពភ្លាមៗចំពោះការប្តេជ្ញានេះ ហើយអនុវត្តឱ្យបានពេញលេញ នូវលក្ខខណ្ឌដែលមានចែង ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»។ កិច្ចព្រមព្រៀងគូឡាឡាំពួ គឺត្រូវបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៉ីរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាលើកដំបូង ដោយមាននាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អានវ៉ា អ៉ីប្រាហ៉ីម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើជាសាក្សី។
គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ស្វាគមន៍បទឈប់បាញ់ខាងលើពីសំណាក់ទីក្រុងវ៉ាស៉ីនតោន គឺធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជានិងថៃ ទីបំផុតបានព្រមព្រៀងគ្នា ប្តេជ្ញាបិទបញ្ចប់ការប្រយុទ្ធគ្នានៅព្រំដែន ដែលបានផ្ទុះឡើងសាជាថ្មី នៅក្នុងខែធ្នូនេះ នៅពេលយោធាថៃ សម្រេចបើកការវាយប្រហារឈ្លានពានលើកម្ពុជាម្តងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
