នៅសុខៗផ្លូវមួយកន្លែងក្នុងប្រទេសថៃបានបាក់ស្រុតយ៉ាងឆាប់រហ័ស បណ្តាលឱ្យរថយន្តមួយគ្រឿងត្រូវផុងជាប់ក្នុងរណ្តៅ និងបង្កឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង
ថៃ៖ ផ្លូវមួយកន្លែងនៅក្នុងប្រទេសថៃ នៅសុខៗស្រាប់តែបាក់ស្រុតយ៉ាងឆាប់រហ័ស និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកបើកបរជាច្រើននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមករា។ ទីតាំងដែលជាកន្លែងកើតហេតុដ៏កម្រនេះ គឺជាផ្នែកមួយនៃផ្លូវ Rama II ក្នុងខេត្តសាមុតសាខន ត្រង់ចំណុចបត់ចូលទៅកាន់ទីក្រុងបាងកក។

ប្រភពខាងលើបានបន្តថា ផ្លូវស្រាប់តែបានបាក់ស្រុងយ៉ាងឆាប់រហ័សនៅម៉ោងប្រមាណជា ៦ និង ៣០នាទី ព្រឹកមិញនេះ និងបានបណ្តាលឱ្យរថយន្តភីកអាប់មួយគ្រឿងដែលកំពុងបើកបរត្រូវផុងជាប់ទៅក្នុងរណ្តៅដ៏ធំនៅលើផ្លូវផងដែរ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា អ្នកបើកបរនៅក្នុងរថយន្តភីកអាប់មិនមានគ្រោះថ្នាក់ធ្ងន់ធរនោះទេ តែហេតុការណ៍នេះបានបង្កឱ្យមានការកកស្ទះផ្លូវយ៉ាងខ្លាំង ខណៈអ្នកបើកបរជាច្រើនបានស្នើសុំឱ្យក្រុមអ្នកជំនាញពិនិត្យមើលគុណភាពផ្លូវឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុនៅថ្ងៃខាងមុខ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
