លោកស្រី Sanae Takaichi ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិនៅជប៉ុន ជាមួយនឹងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត
ជប៉ុន៖ គណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោកស្រី Sanae Takaichi បានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតក្នុងការបោះឆ្នោតជាតិនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែកុម្ភៈ។ លទ្ធផលបានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរីនិយមបានឈ្នះអាសនៈរហូតដល់ ៣១៦ នៅក្នុងចំណោមអាសនៈចំនួន ៤៦៥នៅក្នុងសភា។
ជាមួយនឹងជ័យជំនះជាប្រវត្តិសាស្រ្តនេះ លោកស្រី Sanae Takaichi ត្រូវបានគេប្រសិទ្ធនាមជា “Iron Lady” (ស្រ្តីដែលរឹងមាំដូចដែក) ហើយគាត់ក៏ជាស្រ្តីដំបូងនៅក្នុងប្រទេសជប៉ុនផងដែរ ដែលត្រូវគេទទួលស្គាល់ពីភាពខ្លាំងរបស់គាត់ដូចនេះ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះលោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ ហើយគោលនយោបាយរបស់លោកស្រីដែលទទួលបានការគាំទ្រពីសំណាក់ប្រជាជនជប៉ុនខ្លាំងបំផុតនោះគឺ ការត្រួសត្រាយផ្លូវសម្រាប់ការកាត់បន្ថយពន្ធដែលធ្វើឱ្យល្អប្រសើរចំពោះទីផ្សារហិរញ្ញវត្ថុ និងការចំណាយយោធាដែលមានគោលបំណងទប់ទល់នឹងប្រទេសចិន៕

អត្ថប៖ ភក្តី
ប្រភព៖ Channel News Asia