Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកណ្ដាល អំពាវនាវដល់ឪពុក-ម្ដាយ អ្នកអាណាព្យាបាល ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកល នៃការឆបោកអំពើជួញដូរមនុស្ស

    BY Liny Chan March 18, 2026
    អភិបាលខេត្តកណ្ដាល អំពាវនាវដល់ឪពុក-ម្ដាយ អ្នកអាណាព្យាបាល ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកល នៃការឆបោកអំពើជួញដូរមនុស្ស

    កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ឪពុក-ម្ដាយ អ្នកអាណាព្យាបាល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកល នៃការបោកប្រាស់ ការលួងលោមគ្រប់រូបភាពពីជនឧក្រិដ្ឋមានបំណងក្នុងការឆបោកជួញដូរមនុស្ស។

    ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ចំនួន ១២,៤២៥បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ១២ភូមិ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Scam online ព្រមទាំងស្នើដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងការផាកពិន័យ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

    បញ្ហាជួញដូរមនុស្សក៏ដូចគ្នាដែរ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិកកលនៃការបោកប្រាស់ ការលួងលោមគ្រប់រូបភាពពីជនឧក្រិដ្ឋដែលមានបំណងក្នុងការឆបោកជួញដូរមនុស្ស ករណីសង្ស័យត្រូវពិគ្រោះនិងសហការជាមួយអាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយអន្តរាគមន៍ កុំបណ្ដោយឱ្យកូនចៅរបស់យើងរងគ្រោះដោយការឆបោក។

    ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ចំពោះបញ្ហាគ្រឿងញៀន សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនសូមប្រើប្រាស់កម្មវិធី App Nodrug ដើម្បីរាយការណ៍អំពីសកម្មភាពបទល្មើសគ្រឿងញៀនមកកាន់សមត្ថកិច្ច ដើម្បីបង្ក្រាបបានទាន់ពេលវេលាដោយរក្សាការសម្ងាត់ជូន។

    ដោយឡែកចំពោះបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងស្រុកកៀនស្វាយ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋចូលរួមសហការ រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលើចិញ្ចើមផ្លូវ សូមបញ្ឈប់ការតយ៉ាប ការសង់រោង ការលក់ដូរលើចិញ្ចើមផ្លូវ មុនពេលអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើនាពេលខាងមុខ ការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនេះ គឺមានសារៈសំខាន់ណាស់ ក្រុមការងារជួយសម្រួលការធ្វើចរាចរណ៍ទៅមក របស់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ និងលើសោភ័ណ្ឌភាពតាមដងផ្លូវ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: