ត្រី Oarfish ប្រវែង ៤ម៉ែត្រ ទម្ងន់ ២០គីឡូក្រាម បង្ហាញខ្លួននៅភាគខាងត្បូងប្រទេសវៀតណាម
វៀតណាម៖ ត្រី Oarfish មួយក្បាលត្រូវបានគេប្រទះឃើញបង្ហាញខ្លួននៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Lam Dong ភាគខាងត្បូង ប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam Net កាលពីពេលថ្មីៗនេះ។ ត្រី Oarfish មួយក្បាលនេះមានប្រវែងប្រមាណជា ៤ម៉ែត្រ និងទម្ងន់រហូតដល់ ២០គីឡូក្រាម។
សូមបញ្ជាក់ជូនថា Oarfish ជាប្រភេទត្រីកម្រ ដែលតែងរស់នៅក្នុងបាតសមុទ្រជ្រៅៗ អាចមានជម្រៅចន្លោះពី ២០០ម៉ែត្រ រហូតដល់ ១,០០០ម៉ែត្រ ហើយវាកម្រហែលមកកាន់ឆ្នេរសមុទ្រណាស់។ ការបង្ហាញខ្លួនរបស់ត្រីប្រភេទនេះមកកាន់ឆ្នេរសមុទ្រអាចជារឿងមិនល្អនោះទេ ដ្បិតតាមជំនឿរបស់ប្រជាពលរដ្ឋគេជឿថា ត្រី Oarfish បាននាំសារមកប្រាប់ថា អាចនឹងមានគ្រោះរញ្ជួយដី ឬរលកយក្សស៊ូណាមិ។ យ៉ាងណាក្តី បើការសិក្សាបែបវិទ្យាសាស្រ្តវិញ ត្រី Oarfish អាចហែលមកកាន់ឆ្នេរសមុទ្រដោយសារតែការផ្លាស់ប្តូរបរិស្ថាន មានការររំខាននៅក្រោមបាតសមុទ្រក្នុងកម្រិតខ្ពស់ ឬដោយសារមានរលកនិងព្យុះធំៗរុញច្រានវាមកជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Vietnam Net