WHO៖ អ្នកតេស្តវិជ្ជមានមេរោគ Hantavirus កើនដល់ ៦នាក់ ខណៈមេរោគអាចបង្កឱ្យមានអត្រាមរណភាព ៣៨%
ស្វីស៖ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែឧសភានេះ មានអ្នកជំងឺសរុបចំនួន ៦នាក់ហើយ ដែលត្រូវបានធ្វើតេស្តវិជ្ជមានមេរោគ Hantavirus ខណៈអ្នកជំងឺ ២នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងការតាមដានសុខភាព ដ្បិតក្រុមគ្រូពេទ្យកំពុងសង្ស័យថា ពួកគេក៏អាចនឹងឆ្លងមេរោគផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា អ្នកឆ្លងនិងអ្នកកំពុងស្ថិតក្នុងការសង្ស័យទាំង ៨នាក់នេះគឺជាក្រុមអ្នកដំណើរនៅនាវាទេសចរណ៍ ដែលជាកន្លែងផ្ទុះការរាតត្បាតមេរោក Hantavirus ដំបូង ពោលគឺវាមិនមែនជាករណីថ្មីនោះទេ។
ប្រភពខាងលើបានបន្តថា ដោយផ្អែកទៅលើតួលេខអ្នកឆ្លងនិងសង្ស័យចំនួន ៨ករណី និងមានអ្នកស្លាប់ចំនួន ៣ករណីផងនោះ ក្រុមអ្នកអ្នកជំនាញបានទាញសេចក្តីសន្និដ្ឋានជាបឋមថា មេរោគ Hantavirus អាចបង្កឱ្យមានអត្រាមរណភាព ៣៨%។ អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ហានិភ័យនៃការរាតត្បាតមេរោគ Hantavirus ទៅកាន់មនុស្សនៅជុំវិញពិភពលោកគឺមានកម្រិតទាប ដោយមេរោគនេះនៅមិនទាន់បង្ហាញឱ្យឃើញពីទម្រង់នៃការរាតត្បាតឬចម្លងលឿនដូចមេរោគកូវីដ-១៩ នៅឡើយទេ។ យ៉ាងណាក្តី អង្គការសុខភាពពិភពលោកនឹងបន្តតាមដានស្ថានភាពនៃការរាតត្បាតមេរោគ Hantavirus និងធ្វើបច្ចុប្បន្នភាពហានិភ័យរបស់មេរោគបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time