Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យដែលជាពូសាច់ថ្លៃ ចាប់ជំរិតកុមារីអាយុ ៥ឆ្នាំរហូតបាត់បង់ជីវិត ដោយសាររឿងខ្ចីលុយមិនបាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី

    BY Liny Chan May 11, 2026
    ជនសង្ស័យដែលជាពូសាច់ថ្លៃ ចាប់ជំរិតកុមារីអាយុ ៥ឆ្នាំរហូតបាត់បង់ជីវិត ដោយសាររឿងខ្ចីលុយមិនបាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ទៅលើកុមារី អាយុ ៥ឆ្នាំ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានហើយ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

    បើតាមប្រភពខាងលើ ជនសង្ស័យ មានឈ្មោះ ឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាពូសាច់ថ្លៃ) តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)។ វត្ថុតាងចាប់យក ដែលរកឃើញមាន ទូរសព្ទដៃ ០១គ្រឿងម៉ាក Nokia (អិនចុចពិល) ពណ៌ខៀវ និងទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។ នៅចំពោះមុខសមត្ថកិច្ចជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន ដោយសារតែម្តាយជនរងគ្រោះ មើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន។

    គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៨ :៣០នាទី ដោយជនរងគ្រោះមានឈ្មោះថា រតនា ម៉េងស៊ីម ភេទស្រី អាយុ០៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុក មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ តាមការឱ្យដឹងពីសមត្ថកិច្ច ឳពុក ម្តាយជនរងគ្រោះ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរាងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ តែងតែនាំជនរងគ្រោះទៅលេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលទល់មុខគ្នាជាមួយផ្ទះជនសង្ស័យ ទើបជនសង្ស័យមានឱកាសធ្វើសកម្មភាពទៅលើជនរងគ្រោះតែម្តង។ យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post: