Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេច ទៀ បាញ់៖ ពេលនេះគឺដល់ពេលវេលាចាំបាច់ហើយ ត្រូវតែដាក់ឱ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា

    BY Liny Chan May 13, 2026
    សម្តេច ទៀ បាញ់៖ ពេលនេះគឺដល់ពេលវេលាចាំបាច់ហើយ ត្រូវតែដាក់ឱ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឱ្យអនុវត្តច្បាប់ស្តីពីកតព្វកិច្ចយោធា ដោយមិនត្រូវរារែកទៀតនោះឡើយ ។

    តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន សម្តេចពិជ័យសេនាទៀ បាញ់ បានគូសបញ្ជាក់ថា ពេលនេះគឺដល់ពេលវេលាចាំបាច់ហើយ ត្រូវតែដាក់ឱ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ខណៈយុវជនដែលបានបំពេញភាគច្រើនដាច់ខាត គឺស្ថិតនៅក្នុងការហ្វឹកហ្វឺនប្រមូលផ្តុំ ដូច្នេះកាលណាយកពួកគេទៅបំប៉ន់ ប្រកបដោយវិន័យត្រឹមត្រូវ នឹងមានឆន្ទៈ ស្មារតីពេញលេញគ្រប់គ្រាន់ ហើយពួកគេនឹងយល់អំពីកាតព្វកិច្ចការពារជាតិ មាតុភូមិរបស់ខ្លួនរៀងៗខ្លួនជាក់ជាមិនខាន ។

    សម្តេច ទៀ បាញ់ ក៏បានពន្យល់បន្ថែមទៀតផងដែរថា ច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ មិនមែនជាការចាប់បង្ខំនោះទេ គឺជាឱកាស និងសំណាងរបស់យុវជនខ្មែរទៅវិញទេ ដែលរាជរដ្ឋាភិបាលតម្រូវឲ្យបំពេញកាតព្វកិច្ចយោធានេះដោយសារពួកគេនឹងបានការអប់រំ ហ្វឹកហាត់ និងយល់ដឹងអំពីកាតព្វកិច្ចការពារជាតិជាដើម។

    សូមបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចអនុម័ត ច្បាប់ស្តីពី«កតព្វកិច្ចយោធា» ខណៈច្បាប់នេះតម្រូវឲ្យបុរសសញ្ជាតិខ្មែរអាយុចាប់ពី១៨ ដល់២៥ ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ហើយបុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់៥ឆ្នាំ លើកលែងតែចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិប៉ុណ្ណោះ។

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនៅឆ្នាំ២០២៦នេះ ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង ឈរលើច្បាប់របស់កម្ពុជាដែលកំពុងមានជាធរមាន ដោយបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីការពារជាតិនិងប្រជាជនកម្ពុជានោះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: