Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា ណែនាំដល់ប្រតិបត្តិករទេសចរណ៍ពីវិធានការសុវត្ថិភាព និងក្រមប្រតិបត្តិសម្រាប់ភ្ញៀវទេសចរក្នុងរដូវវស្សា នៅរមណីយដ្ឋានអង្គរ

    BY Liny Chan May 13, 2026
    អាជ្ញាធរជាតិអប្សរា ណែនាំដល់ប្រតិបត្តិករទេសចរណ៍ពីវិធានការសុវត្ថិភាព និងក្រមប្រតិបត្តិសម្រាប់ភ្ញៀវទេសចរក្នុងរដូវវស្សា នៅរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ និងសាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការសុវត្ថិភាពនានា ក្នុងអំឡុងពេលទស្សនារមណីយដ្ឋានអង្គរ នាដូវវស្សានេះ ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត ក្នុងដំណើរកំសាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។

    យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា វិធានការមួយចំនួនដូចជា៖ កុំចតយានយន្តក្រោមដើមឈើនៅពេលខ្យល់កន្ត្រាក់ ឬភ្លៀង ខ្លាំងដែលអាចបណ្ដាលឱ្យសភាពដីទន់ជ្រាយខ្លាំង បង្កទៅជាការបាក់មែក ឬរលំដើមឈើ ជាយថាហេតុ, ក្នុងករណីមេឃខ្មៅ ធ្លាក់ភ្លៀង ឬមានផ្គររន្ទះខ្លាំង សូមចៀសវាងការប្រើឧបករណ៍អេឡិចត្រូនិក និងកុំជ្រកក្រោមដើមឈើធំៗ។ ភ្ញៀវទេសចរគួរប្រើប្រាស់ស្បែកជើងដែលមានសភាពស្អិតល្អ ពីព្រោះថ្មប្រាសាទអាចនឹងមានសភាព រអិលខ្លាំងនៅពេលសើម,គួរត្រៀមអាវភ្លៀង ឬឆត្រ ដែលមិនមានចុងស្រួចខ្លាំង (អាចប៉ះពាល់ថ្ម និងចម្លាក់ប្រាសាទ) និងចៀសវាងប្រើប្រាស់សម្ភារទាំងនោះ ដែលមានស្លាកសញ្ញា (Logo) តំណាងឱ្យការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ផ្ទុយពីគោលការណ៍គ្រប់គ្រងបេតិកភណ្ឌពិភពលោក រួមនឹងការស្លៀកពាក់ឱ្យបានសមរម្យ និងអនុវត្តវិធានផ្សេងៗទៀត ដូចមានកំណត់ក្នុងក្រមប្រតិបត្តិអង្គរ ។

    អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យភ្ញៀវទេសចរគួរលាបថ្នាំការពារសត្វល្អិត ដោយសាររដូវវស្សា អាចនឹងមានសត្វល្អិតច្រើន នៅតំបន់មានព្រៃ និងអនុវត្តទៅតាមស្លាកសញ្ញាឱ្យដំណឹងនានា ជាពិសេសគោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ប្រចាំការនៅតាមទីតាំងនីមួយៗ។ ចៀសវាងជាដាច់ខាតការផ្ដល់ចំណី និងការប៉ះពាល់ផ្ទាល់ជាមួយសត្វស្វាពីព្រោះសកម្មភាពទាំងនេះ នឹងផ្ដល់ផលអាក្រក់ច្រើនជាងផលល្អ ធ្វើឱ្យរំខានដល់ឥរិយាបថធម្មជាតិរបស់សត្វ ធ្វើឱ្យសត្វពឹងផ្អែកលើមនុស្ស និងអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាបង្កើនហានិភ័យនៃជំងឺ ការប្រឈមមុខដាក់គ្នារវាងមនុស្ស និងសត្វ ប្រកបដោយគ្រោះថ្នាក់ជាដើម។ តាមរយៈនេះសូមទុកឱ្យសត្វរស់នៅ តាមបែបធម្មជាតិ មានសុខភាពល្អ និងមានសេរីភាព។ល។

    សូមបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងដំណើរទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា តែងតែធ្វើការក្រើនរំលឹក និងអំពាវនាវដល់ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសណែនាំ និងជំរុញដល់ទីភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកពាក់ព័ន្ធ ធ្វើការណែនាំ និងចែករំលែកព័ត៌មានជូនភ្ញៀវទេសចរ ក្នុងពេលអាកាសធាតុមានការប្រែប្រួល ដែលបានអាចបង្កឱ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ៕

    Share This Post: