ឯកឧត្តម ប៉ែន បូណា៖ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន៩លើកហើយ ទៅកាន់ភាគីថៃ និង បានធ្វើកំណត់ទូតតវ៉ាចំនួន ៣២លើក ចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦–ក្នុងការធ្វើសេចក្ដីថ្លែងការណ៍ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមាន កាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន៩លើកហើយ ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ ក្រៅពីនោះ គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានធ្វើកំណត់ទូតតវ៉ាចំនួន ៣២លើក ចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ ហើយបើគិតចាប់ពីបទឈប់បាញ់លើកទី១ ដែលចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន កំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជា ប្រឆាំងការរំលោភបំពានរបស់ភាគីថៃមានរហូតដល់ ៤២ លើក។
ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបម្តងទៀតថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយពីព្រោះការតវ៉ានេះគឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់។
រីឯសំណើររបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវស្ថិរភាព និងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។
នេះជាចំណុចដ៏សំខាន់ដែលភាគីទាំងពីរបានឯកភាពគ្នា ដែលមានចែងច្បាស់ក្នុងសេចក្តីប្រកាសរួមស្តីពីវិធានការកាត់បន្ថយភាពតាមតឹង ហើយដែលភាគីកម្ពុជាតែងតែជំរុញឱ្យអនុវត្តជាបន្តបន្ទាប់។ ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីថៃស្នើសុំពន្យារពេលរហូតក្រោមហេតុផលបញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈដែលសកម្មភាពនានាត្រូវបានធ្វើជាបន្តបន្ទាប់នៅលើទីតាំងជាក់ស្តែងដែលខ្លួនកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។ ទោះយ៉ាងណា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង និងការទាមទារជាឯកតោភាគីរបស់ភាគីថៃនោះឡើយ។អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងនូវជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដែលជាជំហរច្បាស់លាស់ ឥតប្រែប្រួលនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិរបស់កម្ពុជា ដូចតទៅ៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ពាក់ព័ន្ធព្រំដែនសមុទ្រ៖ ក្រោយពីភាគីថៃសម្រេចលុបចោល MOU-2001 ជាឯកតោភាគី រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ(Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS ) ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ បច្ចុប្បន្នយន្តការនេះកំពុងដំណើរការទៅមុខដោយមានការយល់ព្រមចូលរួមពីភាគីថៃ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតពីតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធីដើម្បីឈានទៅរកដំណោះស្រាយដ៏ពីតប្រាកដ និងយូរអង្វែង៕

ប្រភព៖ ក្រសួងព័ត៌មាន