ការសិក្សា៖ បាងកក គឺជាទីក្រុងដែលមានហានិភ័យនៃការឆបោកនិងការលួចឆក់ខ្ពស់ជាងគេនៅពិភពលោក
អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញទីថា ទីក្រុងបាងកកង ប្រទេសថៃ គឺជាទីក្រុងដែលមានហានិភ័យនៃការឆបោក (Scams) និងការលួចឆក់ឬលួចកាបូប (Pickpocketing) ចំពោះភ្ញៀវទេសចរខ្ពស់ជាងគេនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Yahoo។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Compare the Market ដែលមានមូលដ្ឋានៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។
លទ្ធផលនៃការសិក្សារបស់ Compare the Market បានបង្ហាញថា មានទីក្រុងចំនួន ៥ ដែលមានកម្រិតហានិភ័យនៃការឆបោកនិងការលួចកាបូបខ្ពស់ជាគេនៅលើពិភពលោក រួមមាន៖
១៖ ទីក្រុងបាងកក ប្រទេសថៃ ទទួលបានពិន្ទុខ្ពស់បំផុត ៨៣,៤៥/១០០។ របាយការណ៍បានបញ្ជាក់ថា ទីក្រុងនេះជួបបញ្ហាឆបោកភ្ញៀវទេសចរ ច្រើនជាងការលួចកាបូប។ តំបន់ Grand Palace គឺជាកន្លែងដែលមានការលើកឡើងពីការឆបោក និងលួចទ្រព្យសម្បត្តិញឹកញាប់ជាងគេ។
២៖ ទីក្រុងប៉ារីស ប្រទេសបារាំង មានពិន្ទុ ៦៨,៨១/១០០។ នៅទីនេះ គឺការលួចកាបូបកើតមានញឹកញាប់ជាងការឆបោក ហើយតំបន់ Basilique du Sacré-Cœur de Montmartre ត្រូវបានរាយការណ៍ថាជាកន្លែងមានហានិភ័យខ្ពស់។
៣៖ទីក្រុងប្រាក សាធារណរដ្ឋឆេក ជាប់លេខ ៣ ដោយសារមានអត្រាការលួចកាបូបគួរឱ្យកត់សម្គាល់ និងការលើកឡើងអំពីបទល្មើសពាក់ព័ន្ធច្រើន។
៤៖ ទីក្រុងសៀងហៃ ប្រទេសចិន មានអត្រាការលួចកាបូបគួរឱ្យកត់សម្គាល់។
៥៖ទីក្រុងអាក្រា ប្រទេសឥណ្ឌា ក៏មានអត្រាការលួចកាបូបខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Yahoo