អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បង្ហាញនូវការ គាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធី
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato’ Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម Tan Sri Dato’ Seri Haji Malek Razak bin Sulaiman និងគណៈប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាផ្នែកនៃការរឹតចំណងមិត្តភាពរវាងទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី និយាយជារួម ហើយនិយាយដោយឡែក គឺនៅក្នុងកិច្ចសហប្រតិបត្តិការ នៃកងទ័ព និងកងទ័ពរវាងប្រទេសទាំងពីរ។ សម្ដេចក៏បានអបអរសាទរចំពោះឯកឧត្តម Tan Sri ដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍ Tan Sri បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហើយក៏បានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។
ឯកឧត្តមបានបង្ហាញអំពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងម៉ាឡេស៊ី។ ឯកឧត្តមក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនងដ៏ល្អរវាងគ្នា និងគ្នាហើយជាពិសេសនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកងទ័ព នៃប្រទេសទាំងពីរ។
ឯកឧត្តមក៏បានជជែកជាមួយនឹងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរបស់កម្ពុជាដើម្បីធ្វើយ៉ាងណាពង្រឹងបន្ថែមទៀតនូវកិច្ចការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ទាក់ទងដែលលើកឡើងទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងម៉ាឡេស៊ី ដោយសម្ដេចបានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជា និងម៉ាឡេស៊ី មានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ សម្ដេចបន្តថាទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri ក៏បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះ អាន់វ៉ាអ៊ីប្រាហ៊ីម នៅពេលដែលឯកឧត្តមនៅជាប្រធានអាស៊ានកន្លងទៅ ឯកឧត្តមបានចូលរួមយ៉ាងសកម្មនៅក្នុងការរកដំណោះស្រាយជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសនៅក្នុងអាណត្តិ ដែលម៉ាឡេស៊ីគឺធ្វើជាប្រធានអាស៊ាន ដែលបាននាំឱ្យមានការបង្កើនទៅ AOT ដែលសម្តេចតេជោបានចាត់ទុកនេះ គឺជាមរតកដែលកើតឡើងក្នុងអំឡុងពេលដែលម៉ាឡេស៊ីបានធ្វើជាប្រធានអាស៊ាន។
ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃផងដែរ ដែលសម្ដេចបានបញ្ជាក់នូវគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri បានលើកឡើងដោយកោតសរសើរចំពោះសម្ដេចតេជោថា ជាមេដឹកនាំមួយដែលឯកឧត្តមគោរព ហើយឯកឧត្តមគោរពចំពោះការដឹកនាំរបស់សម្ដេចតេជោ ដែលបានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយជាប្រទេសដែលមានការអភិវឌ្ឍ។
ឯកឧត្តមពិតជាគោរពចំពោះបទពិសោធន៍ និងការដឹកនាំរបស់សម្ដេចតេជោចំពោះបញ្ហា និងការដោះស្រាយបញ្ហារវាងកម្ពុជានិងថៃ។ ឯកឧត្តមក៏បានគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធី៕


ប្រភព៖ ក្រសួងព័ត៌មាន