ចិនជម្លៀសពលរដ្ឋជិត ២លាននាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុងបាវី
ចិន៖ ព្យុះទីហ្វុងបាវីបានធ្វើដំណើរទៅដល់តំបន់ឆ្នេរភាគខាងកើត នៃប្រទេសចិនហើយ បន្ទាប់ពីបានបង្កឱ្យមានមនុស្ស ១៣៤នាក់រងរបួសនៅកោះតៃវ៉ាន់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែកក្កដាបានឱ្យដឹងថា ឥទ្ធិពលរបស់ព្យុះទីហ្វុងបាវីបានបង្ខំឱ្យអាជ្ញាធរចិនធ្វើការជម្លៀសពលរដ្ឋជិត ២លាននាក់ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។
ប្រភពខាងលើបានបន្តថា ភាគច្រើននៃពលរដ្ឋត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពនោះគឺជាពលរដ្ឋនៅក្នុងខេត្ត Zhejiang ដែលជាតំបន់សេដ្ឋកិច្ចនិងបច្ចេកវិទ្យាដ៏សំខាន់បំផុតរបស់ប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុងបាវីបានកំពុងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង ហើយបានបណ្តាលឱ្យធ្វើឱ្យដើមឈើជាង ១,៣០០ដើមត្រូវដួលរលំ និងអគារមួយចំនួនត្រូវរងនូវការខូចខាតផងដែរ។ យ៉ាងណាក្តី នៅមិនទាន់មានរបាយការណ៍បង្ហាញពីអ្នករងគ្រោះថ្នាក់នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time