សម្តេចធិបតី នាយករដ្ឋមន្ត្រី ណែនាំដល់ស្ថាប័នពាក់ព័ន្ធ ត្រៀមខ្លួនឱ្យបានទាន់ពេល ចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាជន និងសង្គមវ័យចំណាស់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ ត្រៀមខ្លួនឱ្យបានទាន់ពេលចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាជន និងសង្គមវ័យចំណាស់។ ខណៈដែលកម្ពុជាកំពុងប្រើប្រាស់ឱកាសពីប្រជាជនវ័យក្មេង កម្ពុជា ក៏ត្រូវរៀបចំជាមុនសម្រាប់ការកើនឡើងនៃ ប្រជាជនវ័យចាស់នាពេលអនាគត។ នេះបើយោងតាម សារលិខិត សម្តេចធិបតីក្នុងទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦ នេះ។
សម្តេចបានបន្តថា ការរៀបចំប្រព័ន្ធសុខាភិបាល ការគាំពារសង្គម សេវាថែទាំរយៈពេលវែង ប្រាក់សោធននិវត្តន៍ និងការចូលរួមរបស់មនុស្សចាស់ក្នុងសង្គម ត្រូវក្លាយជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍រយៈពេលវែងរបស់ជាតិ។
នៅក្នុងសារលិខិតខាងលើ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាអនុវត្តការងារចម្បងៗដូចខាងក្រោម៖
ទី១- ពង្រឹងប្រព័ន្ធទិន្នន័យប្រជាជន និងការធ្វើគោលនយោបាយផ្អែកលើភស្តុតាង៖ ការរៀបចំផែនការ និងការសម្រេចចិត្តលើវិស័យសេដ្ឋកិច្ច សង្គម អប់រំ សុខាភិបាល ការងារ និងគាំពារសង្គម ត្រូវពឹងផ្អែកលើទិន្នន័យប្រជាជនដែលមានគុណភាពខ្ពស់ ទាន់ពេលវេលា និងអាចប្រៀបធៀបបាន។ ការពង្រឹងប្រព័ន្ធស្ថិតិ ការចុះបញ្ជីអត្រានុកូលដ្ឋាន ការស្ទង់មតិ ការព្យាករប្រជាជន និងការប្រើប្រាស់ទិន្នន័យរដ្ឋបាល គឺជាមូលដ្ឋាន ចាំបាច់សម្រាប់រៀបចំគោលនយោបាយឱ្យចំគោលដៅនិងមានប្រសិទ្ធភាព។
២- វិនិយោគលើការអប់រំ ជំនាញ និងការងារសមរម្យសម្រាប់ប្រជាជនវ័យក្មេង៖ យុវជនកម្ពុជា ត្រូវទទួលបានឱកាសស្មើភាពក្នុងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញឌីជីថលស្ទែម (STEM) និងសហគ្រិនភាព និងជំនាញដែលឆ្លើយតបទៅនឹងទីផ្សារការងារថ្មី។ ការបង្កើតការងារដែលមានផលិតភាពខ្ពស់ និងការពង្រឹង ទំនាក់ទំនងរវាងការអប់រំ ការបណ្តុះបណ្តាល និងតម្រូវការវិស័យឯកជន គឺជាគន្លឹះក្នុងការបម្លែងប្រជាជនវ័យក្មេង ពី “ចំនួនប្រជាជន” ទៅជា “កម្លាំងអភិវឌ្ឍន៍ជាតិ”។
និងទី៣- ពង្រឹងសុខភាព សុខុមាលភាព សមភាពយេនឌ័រ និងការគាំពារក្រុមងាយរងគ្រោះ៖ ការអភិវឌ្ឍ ប្រជាជនប្រកបដោយចីរភាព ត្រូវការប្រជាជនដែលមានសុខភាពល្អ មានចំណេះដឹង មានសុវត្ថិភាព និងមាន ឱកាសស្មើគ្នា។ ដូច្នេះ ត្រូវបន្តពង្រឹងការផ្តល់សេវាសុខាភិបាល គាំពារសង្គម ការអប់រំសុខភាពគ្រួសារ ការការពារស្ត្រី កុមារ ជនមានពិការភាព និងក្រុមងាយរងគ្រោះ ដើម្បីធានាថា ការរីកចម្រើនរបស់ប្រទេសមានលក្ខណៈបរិយាបន្ន និងមានមនុស្សជាមជ្ឈមណ្ឌល៕
ប្រភព៖ ក្រសួងព័ត៌មាន