Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង បង្ហូរចូលស្ទឹងសង្កែ ក្រោយមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ ឡើងខ្លាំងក្នុងស្រុកសំឡូត

    BY Liny Chan July 13, 2026
    មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង បង្ហូរចូលស្ទឹងសង្កែ ក្រោយមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ ឡើងខ្លាំងក្នុងស្រុកសំឡូត

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹដោយបញ្ជាក់ថា ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹក ដែលពេញអាង មន្ទីរធនធានទឹក និងឧតុនិយមខេត្តនឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង បង្ហូរចូលស្ទឹងសង្កែ ដែលអាចបណ្តាលឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ។

    ការជូន​ដំណឹងនេះ បានធ្វើឡើង ដោយយោងតាមព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប្រុស លក្ខណៈបែបនេះបានបង្ករឱ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឲ្យមានទឹកជំនន់ ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឲ្យបរិមាណទឹកក្នុងអាងមានការកើនឡើងលើសកម្រិតអតិបរមា។

    មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: