Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋត្រៀមលក្ខណៈជួយអន្តរាគមន៍ដើម្បីរក្សាលំនឹងថ្លៃកសិផលសម្រាប់រដូវវស្សាខាងមុខ

    BY Liny Chan July 16, 2026
    រដ្ឋត្រៀមលក្ខណៈជួយអន្តរាគមន៍ដើម្បីរក្សាលំនឹងថ្លៃកសិផលសម្រាប់រដូវវស្សាខាងមុខ

    គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦នេះក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានវាយតម្លៃលទ្ធផលអន្តរាគមន៍ចំនួន ៥ លើក និងកំពុងរៀបចំផែនការអន្តរាគមន៍បន្តទៀតលើកសិផលអាទិភាព។ ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មបានបើកកិច្ចប្រជុំកាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះទៀតក្នុងគោលបំណងពិភាក្សាលើការប្រើប្រាស់កញ្ចប់ឥណទានថវិកាចំនួន ១០០លានដុល្លាររបស់រាជរដ្ឋាភិបាល សម្រាប់អន្តរាគមន៍ ជាពិសេសចំពោះដំណាំស្រូវ ដោយផ្តោតលើតួអង្គដែលអាចស្នើសុំ និងលទ្ធភាពទទួលបានឥណទានអន្តរាគមន៍ នាពេលខាងមុខ។

    សូមរម្លឹកថាទំហំទឹកប្រាក់សរុបនៃកិច្ចអន្តរាគមន៍ទាំង ៥ លើកកន្លងមកនេះគឺមានចំនួន ប្រមាណជាង ២០០ លានដុល្លារអាមេរិក ដែលត្រូវបានទម្លាក់ជាបន្តបន្ទាប់តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មដែលលើកទី១មាន ចំនួន ២៨,៥ លានដុល្លារ លើកទី២មាន ចំនួន ៤០ លានដុល្លារ លើកទី៣មាន ចំនួន ៣០ លានដុល្លារ លើកទី៤មាន ចំនួន ២០ លានដុល្លារនិងលើកទី៥មាន ចំនួន ៤០ លានដុល្លារ ដែលបានផ្តល់កម្ចីការប្រាក់ទាប ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ សម្រាប់ប្រមូលទិញស្រូវ ពីប្រជាកសិករក្នុងតម្លៃសមរម្យ និងជួយទប់ស្កាត់ការបង្អាប់ថ្លៃពីឈ្មួញកណ្តាល។

    សូមបញ្ជាក់ថាអន្តរាគមន៍កន្លងនេះបានជួយបង្កើនសមត្ថភាពប្រមូលទិញរបស់រោងម៉ាស៊ីនកិនស្រូវពីកសិករក្នុងរដូវប្រមូលផល ដែលជួយការពារការធ្លាក់ថ្លៃស្រូវនៅពេលទិន្នផលចេញច្រើនលើសលប់ ធានាបាននូវស្ថិរភាពទីផ្សារព្រមទាំងគាំទ្រដល់ការកែច្នៃ និងស្តុកទុកអង្ករ ធានាដល់ការផ្គត់ផ្គង់ស្បៀងទាំងក្នុង និងក្រៅប្រទេស។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលភារកិច្ច តាមដានការវិវឌ្ឍថ្លៃកសិផលលើ ទីផ្សារក្នុងនិងក្រៅប្រទេស ដើម្បីកំណត់មុខសញ្ញាកសិផលដែលអាច ប្រឈមនឹងបញ្ហាបម្រែបម្រួលថ្លៃព្រមទាំងកំណត់អំពីផលិតផល កសិកម្មណាមួយដែលអាចនឹងជួបវិបត្តិ និងត្រូវការអន្តរាគមន៍ ពីរាជរដ្ឋាភិបាល៕

    Share This Post: