កិច្ចប្រជុំយោធភូមិភាគកម្ពុជា-ថៃ ពិភាក្សាសម្របសម្រួល និងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានបើកកិច្ចប្រជុំក្រៅផ្លូវការមួយ នៅច្រកទ្វារអន្តរជាតិជាំ-សាង៊ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានានៅតាមព្រំដែនដោយសន្តិវិធី និងទាន់ពេលវេលា។
នៅក្នុងជំនួបនោះ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ RBC កម្ពុជា ខណៈភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ RBC ថៃ។ ភាគីកម្ពុជាបានសម្តែងការស្វាគមន៍ចំពោះកិច្ចប្រជុំសម្របសម្រួលនេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗរួមគ្នា សំដៅបញ្ចៀសការយល់ច្រឡំ និងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចពិភាក្សា ភាគីកម្ពុជាបានស្នើឱ្យភាគីថៃបញ្ឈប់សកម្មភាពឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ និងការរាយបន្លាលួសនៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ក៏ដូចជាតំបន់ព្រំដែនដែលមិនទាន់មានការដោះស្រាយដាច់ស្រេច។ ទន្ទឹមនឹងនេះ កម្ពុជាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដោយគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងក្នុងសេចក្តីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ចំពោះបញ្ហាដែលទាក់ទងនឹងហេតុការណ៍បាញ់បោះ និងការបង្កផ្ទុះអាវុធនាពេលកន្លងមក ភាគីកម្ពុជាបានស្នើឱ្យមានការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីបង្ការការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានឡើងវិញ។ ជាមួយគ្នានេះ កម្ពុជាក៏បានស្នើដល់ភាគីថៃឱ្យចូលរួមសហការអប់រំ និងរឹតបណ្តឹងវិន័យដល់កងកម្លាំងជួរមុខរបស់ខ្លួន ដើម្បីចៀសវាងរាល់សកម្មភាពដែលអាចបង្កហេតុ ដូចជាការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។
លើសពីនេះទៅទៀត ភាគីកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានមិនពិត និងការផ្សព្វផ្សាយក្នុងលក្ខណៈអុជអាល ដែលអាចបង្កឱ្យមានការស្អប់ខ្ពើមគ្នារវាងប្រជាជាតិទាំងពីរ ដើម្បីកសាងជំនឿទុកចិត្ត និងបង្កើតបរិយាកាសអំណោយផលដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី។
ជាចុងក្រោយ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយសមស្រប យុត្តិធម៌ និងយូរអង្វែង ផ្អែកលើច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់៕






ប្រភព៖ ក្រសួងព័ត៌មាន