ទាហានថៃ ៥នាក់បានបាត់បង់ជីវិត និងពលរដ្ឋស៊ីវិល ៦នាក់បានរងរបួស ក្នុងការវាយប្រហារប្រដាប់អាវុធនៅភាគខាងត្បូងប្រទេសថៃ
ថៃ៖ យ៉ាងហោចណាស់មានទាហានថៃចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារនិងបំផ្ទុះគ្រាប់បែបនៅតំបន់ភាគខាងត្បូងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែកក្កដា។ ការវាយប្រហារនេះបានកើតឡើងនៅចំណុចត្រួតពិនិត្យមួយកន្លែងក្នុងខេត្ត Narathiwat ពោលគឺជាតំបន់ដែលតែងមានជម្លោះរវាងអាជ្ញាធរថៃនិងក្រុមឥស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដី។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានទាហានត្រូវស្លាប់បាត់បង់ជីវិតហើយ ការវាយប្រហារខាងលើនេះក៏បានបណ្តាលឱ្យពលរដ្ឋស៊ីវិលថៃចំនួន ៦នាក់ផ្សេងទៀតបានរងរបួសផងដែរ ហើយនៅក្នុងនោះមានជនរងគ្រោះម្នាក់ជាកុមារអាយុ ១០ឆ្នាំ។ ភ្លាមៗក្រោយកើតមានហេតុការណ៍ខាងលើនេះ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បានធ្វើការថ្កោលទោសយ៉ាងខ្លាំង និងចាត់ទុកហេតុការណ៍នេះជា ទង្វើភេរវកម្មដ៏ឃោរឃៅ ដែលអាចបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia