ខួប១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ៖ សម្តេចធិបតី សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និងរក្សាសេចក្តីសុខសាន្តរបស់ប្រជាជន។
ក្នុងឱកាសខួប១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចក៏បានក្រើនរម្លឹកដល់ប្រជាជាតិខ្មែរឱ្យប្រែក្លាយការឈឺចាប់នេះ ទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យទាំងសេដ្ឋកិច្ច ការពារជាតិ និងធនធានមនុស្ស ជាដើម។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះដែរ សម្តេចធិបតី ក៍បានគូសបញ្ជាក់ដែរថា យុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យមួយជំហានដ៏ធំគួរឱ្យកត់សម្គាល់។ ប៉ុន្តែសម្តេចបានក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដកដៃជាដាច់ខាត។
សម្តេចចាត់ទុកការជីករំលើងឫសគល់របស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការបោសសម្អាតផ្ទះរបស់យើងឱ្យស្អាតដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនរបស់កម្ពុជា ដើម្បីឈានទៅពង្រឹងវិស័យផ្សេងៗទៀត ពិសេសការពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ៕
ប្រភព៖ ក្រសួងព័ត៌មាន