Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃបង្ហាញមូលហេតុស្នើសុំដាក់កម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ

    BY Liny Chan August 4, 2026
    ក្រសួងមហាផ្ទៃបង្ហាញមូលហេតុស្នើសុំដាក់កម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣០កក្កដាឆ្នាំ២០២៦បានធ្វើលិខិតមួយ ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីអនុវត្តវិធានការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិ រួមចំណែក ជំរុញការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

    នៅក្នុងលិខិតនោះបានស្នើសុំការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតែក្នុងភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើង ស្តុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង។

    រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបង្ហាញមូលហេតុនៃការស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីអនុវត្ត វិធានការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញនេះគឺអាស្រ័យដោយ ការផ្អាកការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាលពីឆមាសទី១ ឆ្នាំ២០២៦កន្លងនេះកើតមាន គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់។

    ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានកំណើន ២១៣លើក ស្មើ២០ភាគរយ (១២៧៩លើក លើ ១០៦៦លើក) ចំនួនអ្នកស្លាប់មានកំណើន ៧៩នាក់ ស្មើ១១ភាគរយ (៧៧៣នាក់ លើ ៦៩៤នាក់) និងចំនួនអ្នក របួសមានកំណើន ៤៦៨ នាក់ ស្មើ៣២ភាគរយ (១ ៩៤៤នាក់ លើ ១ ៤៧៦នាក់)។

    គ្រោះថ្នាក់ទាំងនេះ បានកើតឡើង ដោយមូលហេតុ ការបើកបរក្នុងល្បឿនលឿន៤៦ភាគរយ ការមិនគោរពសិទ្ធិអាទិភាព ២២ភាគរយ ការមិនប្រកាន់ស្តាំ១២ភាគរយ ការវ៉ាជែង៧ភាគរយ ការបត់មិនប្រយ័ត្នចំនួន៦ភាគរយ ការបើកបរក្នុងស្ថានភាពស្រវឹង៤ភាគរយ ការមិនគោរពសញ្ញាចរាចរណ៍ ២ភាគរយនិងកត្តាយាន១ភាគរយ។ គ្រោះថ្នាក់មានកើតឡើងច្រើន នៅរាជធានីភ្នំពេញចំនួន ៤៦១លើក ខេត្តព្រះសីហនុចំនួន ៩២លើក ខេត្តកណ្តាលចំនួន ៧៥លើក ខេត្តកំពង់ស្ពឺចំនួន ៥៧លើក និងខេត្តស្វាយរៀងចំនួន ៥៥លើក។ សូមរម្លឹកថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាឲ្យផ្អាកបណ្ដោះអាសន្នការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលសំដៅដល់ការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍នៅទូទាំងប្រទេស ដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ។

    ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ទៀតថា ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។ បើតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានខិតខំបំពេញ ភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកទទួលបានលទ្ធផលល្អប្រសើរ ដោយសម្រេចបានកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន៥ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល៣ឆ្នាំបន្តបន្ទាប់គិតពីឆ្នាំ២០២៣ដល់ឆ្នាំ ២០២៥ ស្របតាមផែនការទសវត្សសុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១-២០៣០ របស់អង្គការសហប្រជាជាតិ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: