Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម សហការគ្នាជំរុញទេសចរណ៍បៃតង តាមរយៈយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» នៅខេត្តសៀមរាប

    BY Nisaiy KP August 2, 2026
    ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម សហការគ្នាជំរុញទេសចរណ៍បៃតង តាមរយៈយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» នៅខេត្តសៀមរាប

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម»។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

    ជាកិច្ចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ រួមជាមួយអភិបាលខេត្តសៀមរាប បានអញ្ជើញដាំដើមឈើប្រណិតជាច្រើនដើម នៅក្នុងបរិវេណសួនអាស៊ាន-កូរ៉េ ឬសួនក្រញ៉ូង ក្នុងខេត្តសៀមរាប។ សកម្មភាពនេះគឺជាការបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការជំរុញការអភិវឌ្ឍ «ទេសចរណ៍បៃតង (Green Tourism)» នៅកម្ពុជា ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្សារភ្ជាប់ការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ទៅនឹងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមានភាពរីកចម្រើនប្រកបដោយចីរភាព។

    ទន្ទឹមនឹងការចុះហត្ថលេខានេះ ក្រសួងទេសចរណ៍ក៏បានបន្តជំរុញយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម (One Tourist, One Tree)» ដោយការអំពាវនាវ និងលើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមដាំដើមឈើក្នុងអំឡុងពេលដែលពួកគេមកកម្សាន្តនៅប្រទេសកម្ពុជា។ គោលដៅចម្បងនៃយុទ្ធនាការនេះ គឺចង់ប្រែក្លាយរាល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ឱ្យទៅជាការបន្សល់ទុកនូវ «មរតកបៃតង» និងអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់សហគមន៍មូលដ្ឋាន ក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយ។

    ការអនុវត្តយុទ្ធនាការ និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនេះ នឹងក្លាយជាចំណែកយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត។ កិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជួយលើកកម្ពស់គុណភាព និងភាពទាក់ទាញនៃសេវាកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងធានាបាននូវនិរន្តរភាពនៃវិស័យទេសចរណ៍ជាតិជាប្រវត្តិសាស្ត្រសម្រាប់ពេលអនាគត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: