ព្យុះភ្លៀងមិនធ្លាប់មាននៅជប៉ុន បណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត និងរាប់សែននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
ជប៉ុន៖ តំបន់ភាគខាងលិចនៃប្រទេសជប៉ុនកំពុងប្រឈមនឹងការធ្លាក់ភ្លៀងក្នុងកម្រិតយ៉ាងខ្លាំងមិនធ្លាប់មាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែសីហា។ ព្យុះភ្លៀងដ៏កម្រនេះបានបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត និងកំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត។
បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា តំបន់ដែលកំពុងរងការគំរាមគំហែងខ្លាំងជាងគេគឺក្រុង Chiba ដែលមានប្រជាពលរដ្ឋត្រូវជម្លៀសខ្លួនជាបន្ទាន់ប្រមាណជា១០០,០០០គ្រួសារ។ ទន្ទឹមគ្នានេះ ក៏មានអ្នកដំណើររាប់ពាន់នាក់កំពុងជាប់ក្នុងព្រលានយន្តហោះ Narita ក្នុងទីក្រុងតូក្យូផងដែរ ដ្បិតពួកគេមិនអាចធ្វើដំណើរចេញទៅណារួច។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរជប៉ុនបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះនិងទាហានជាច្រើននាក់នៅតាមតំបន់គោលដៅមួយចំនួន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី់
ប្រភព៖ Channel News Asia