សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ធ្វើជាដើមបណ្ដឹង ចាត់វិធានការចំពោះអ្នកដែលបរិហារកេរ្តិ៍ប៉ះពាល់សិទ្ធិអ្នកដទៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ធ្វើជាដើមបណ្ដឹង ចាត់វិធានការចំពោះអ្នកដែលបរិហារកេរ្តិ៍ប៉ះពាល់សិទ្ធិអ្នកដទៃ។ ការណែនាំរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភាបែបនេះ បានធ្វើឡើងក្នុងខណៈ ដែលសម្ដេចបានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាចតួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ពីព្រោះថាកន្លងទៅស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ «នេះជារឿងដ៏សំខាន់ ព្រោះបើយើងពង្រឹងអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចបាន យើងក៏អាចពង្រឹងអំណាចស្រ្ដីក្នុងវិស័យនយោបាយបានដែរ។ ផ្ទុយទៅវិញប្រសិនបើអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចមិនត្រូវបានលើកកម្ពស់ទេ អំណាចស្រ្ដីនៅក្នុងគ្រួសារ និងក្នុងសង្គមក៏មិនត្រូវបានលើកកម្ពស់ដែរ។»
សម្ដេចតេជោប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ទៀតថា បើគ្រួសារនីមួយៗអាចពង្រឹងអំណាចស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចបាន នោះការពង្រឹងសមភាពយេនឌ័រក៏បានល្អប្រសើរដែរ។ សម្ដេចតេជោក៏បានលើកឡើងចំពោះការជំរុញការពង្រឹងសមត្ថភាពរបស់ស្ត្រី ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់ស្រ្ដី ខណៈសម្ដេចបង្ហាញមោទនភាពដែលស្រ្ដីដែលកំពុងសិក្សាមានចំនួន ៥៤ភាគរយ នៃប្រជាជនកម្ពុជាក្នុងវ័យសិក្សា។ សម្ដេចតេជោក៏បានអំពាវនាវឱ្យក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលបន្តបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដី ខណៈសម្ដេច និងភរិយា កំពុងសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីមួយកន្លែងដែលពេលនេះសម្រេចបានជាង៧០ភាគរយហើយ។
ជាមួយគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានណែនាំឱ្យរៀបចំបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីនៅតាមបណ្ដាខេត្តផងដែរ ដើម្បីកាត់បន្ថយការលំបាកចំពោះសិស្សជាស្រ្ដី ខណៈបច្ចុប្បន្នមានសាកលវិទ្យាល័យជាច្រើននៅតាមបណ្ដាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សជាស្ត្រីបានបន្តការសិក្សា។ សម្ដេចតេជោបន្តថា ការវិនិយោគលើស្រ្ដី ត្រូវមានការចូលរួមទាំងរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងសិទ្ធិអំណាចដល់ស្រ្ដីកម្ពុជា។ សម្ដេចតេជៅបានឱ្យដឹងទៀតថា សម្ដេចជឿជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ចំនួនសិស្សស្រ្ដីដែលប្រឡងជាប់នឹងមានច្រើនជាងសិស្សប្រុស ជាពិសេសជាប់និទ្ទេស A ច្រើនជាងសិស្សជាបុរស។ សម្ដេចតេជោបានលើកឡើងផងដែរថា ការធ្លាក់ចុះចំនួនស្រ្ដីទៅបន្តការសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា ឬថ្នាក់បរិញ្ញាបត្រ គឺជាកត្តាសត្យានុម័ត ដែលស្រ្ដីត្រូវរៀបចំគ្រួសារ រៀបការ ប៉ុន្ដែចំណុចនេះ សម្ដេចបានលើកទឹកចិត្តដល់ស្វាមីគ្រប់រូបឱ្យបន្តលើកទឹកចិត្ត និងជំរុញដល់ភរិយារបស់ខ្លួនឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្ថែមទៀត ដើម្បីលើកកម្ពស់តួនាទីស្រ្ដីលើគ្រប់វិស័យទាំងអស់។
ជាថ្មីម្ដងទៀត សម្ដេចតេជោក៏បានអំពាវនាវដល់ស្រ្ដី និងបុរសទាំងឡាយ បើរស់នៅមិនចុះសម្រុងនឹងគ្នា ឬក្រោយពេលបែកបាក់គ្នា សូមកុំហែកកេរ្ដិ៍គ្នា កុំបង្ហាញទៅកាន់បណ្ដាញសង្គម ព្រោះជម្លោះប្ដីប្រពន្ធ សូមទុកគ្នារាប់អានពេលក្រោយ ហើយបើខ្លួនមិនស្រឡាញ់កិត្តិយស ក៏គួរទុកកិត្តិយសដល់កូនរបស់ខ្លួនផងដែរ។ សម្ដេចតេជោក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ធ្វើជាដើមបណ្ដឹង ចាត់វិធានការចំពោះអ្នកដែលបរិហារកេរ្តិ៍ប៉ះពាល់សិទ្ធិអ្នកដទៃ ហើយក្រសួងព័ត៌មាន ត្រូវមើលឱ្យច្បាស់ តាមឱ្យជាប់ ខណៈសម្ដេចមើលឃើញថា នៅមានភាពធូរលុងខ្លាំងណាស់ចំពោះក្រមសីលធម៌លើការប្រើប្រាស់ ហ្វេសប៊ុក តិកតុក និង AI ខណៈ ប្រព័ន្ធបច្ចេកវិទ្យា និងបណ្ដាញសង្គមទាំងអស់នោះ គេមានច្បាប់វិន័យតឹងរឹងណាស់ចំពោះអ្នកលេងខុស។ សម្ដេចតេជោបានអះអាងថា ហេតុអ្វីស្ថាប័នរដ្ឋយើងមួយមិនអាចធ្វើបានចំពោះច្បាប់ទម្លាប់ទាំងអស់នោះ។
ក្នុងឱកាសនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានស្នើទៅតុលាការជួយចាត់ចែងលើសំណុំរឿងទាំងឡាយនៃការរំលោភសីលធម៌សង្គម ចំពោះជនទាំងឡាយណាបំផ្លាញសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គមរបស់ខ្មែរ៕


ប្រភព៖ ក្រសួងព័ត៌មាន