រដ្ឋមន្ត្រីក្រសួងអប់រំចុះពិនិត្យស្ថានភាពនៃការប្រគល់ហឹបដុំសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦–ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការប្រគល់ហឹបដុំសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងត្រូវអប្បមាទទូទាំងប្រទេសប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ក្រោមការពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអង្គភាពប្រឆាំងអំពើពុករលួយ។
តាមការរៀបចំរបស់ក្រសួង មណ្ឌលកំណែមានទីតាំងនៅសាលារៀនចំនួន១០ ក្នុងរាជធានីភ្នំពេញ រួមមានមណ្ឌលកំណែភាសាបរទេស មណ្ឌលកំណែគណិតវិទ្យា មណ្ឌលកំណែប្រវត្តិវិទ្យា មណ្ឌលកំណែអក្សរសាស្ត្រខ្មែរ មណ្ឌលកំណែរូបវិទ្យា មណ្ឌលកំណែគីមីវិទ្យា មណ្ឌលកំណែជីវវិទ្យា មណ្ឌលកំណែភូមិវិទ្យា មណ្ឌលកំណែសីលធម៌ ពលរដ្ឋវិជ្ជា មណ្ឌលកំណែផែនដី និងបរិស្ថានវិទ្យា។
ស្របពេលជាមួយគ្នានេះ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជននៅតាមមណ្ឌលកំណែនីមួយៗ នឹងត្រូវប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ហ្មត់ចត់បំផុតឈរលើគោលការណ៍ «អ្នកចេះគឺជាប់» ដោយមានការចូលរួមយ៉ាងសកម្មពីគណៈកម្មការកំណែ និងការតាមដានត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងលទ្ធផលឆ្លើយតបនឹងសមត្ថភាពពិតប្រាកដរបស់បេក្ខ ជនម្នាក់ៗ។
សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕


ប្រភព៖ ក្រសួងព័ត៌មាន